ព័ត៌មានអន្តរជាតិ

អឺរ៉ុប ទំនងជានឹងត្រូវពន្យាពេល ការសម្រេចចិត្ត បេក្ខភាពសមាជិក របស់អ៊ុយក្រែន

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ទីក្រុងប្រ៊ូសែលអាចនឹងមិនចាប់ផ្តើម កិច្ចចរចាសមាជិកភាព ជាផ្លូវការជាមួយក្រុងគៀវ ក្នុងកិច្ចប្រជុំកំពូល នៅខែក្រោយបាននៅឡើយ។

វានឹងអាចកំណត់ពេលវេលា នៃបញ្ហាទៅដល់ខែមីនា ឆ្នាំ២០២៤ ជំនួសវិញ នេះបើតាមការរាយការណ៍របស់ Reuters នៅថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបដែលសុំមិនបញ្ចេញឈ្មោះម្នាក់។

ហុងគ្រីគឺជាអ្នកដែលមានសក្តានុពល ក្នងការរារាំងការឯកភាព ដែលទាមទារសម្រាប់ការផ្លាស់ប្តូរបែបនេះ ប៉ុន្តែបញ្ហាជាក់ស្តែង វាគឺលើពីអ្វីដែលរដ្ឋាភិបាលទីក្រុង Budapest ទាមទារហើយមន្ត្រីរូបនេះបានកំណត់ថា ហុងគ្រី គ្រាន់តែជាអ្នកពាក់ព័ន្ធ ក្នុងការរៀបចំកិច្ចប្រជុំកំពូល ថ្ងៃទី ១៤និង១៥ ខែធ្នូ របស់ប្រមុខរដ្ឋសមាជិកសហភាពអឺរ៉ុប ចំនួន២៧ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា មេដឹកនាំសហភាពអឺរ៉ុប មួយចំនួន បានស្នើឱ្យលើកយកប្រធានបទ នៅក្នុងកិច្ចប្រជុំកំពូលខែមីនា បន្ទាប់ពីគណៈកម្មការអឺរ៉ុប មានឱកាសវាយតម្លៃថា តើទីក្រុងគៀវបានបំពេញលក្ខខណ្ឌ ទាំងអស់ របស់សហភាពអឺរ៉ុបដែរឬទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top