ព័ត៌មានអន្តរជាតិ

អនុប្រធានសភា របស់ប្រទេសអ៊ីស្រាអែល ជំរុញឱ្យយោធា “ដុត” តំបន់ ហ្គាហ្សាស្រ្ទីប

រូបភាព៖ Afp

បរទេស៖ អនុប្រធានសភា Knesset របស់ប្រទេសអ៊ីស្រាអែល បានជំរុញឱ្យយោធាអ៊ីស្រាអែល “ដុត” នៅតំបន់ ហ្គាហ្សាស្រ្ទីប និងមិនត្រូវអនុញ្ញាតឱ្យមានការនាំចូលឥន្ធនៈ ណាមួយចូលទៅក្នុងតំបន់ឡោមព័ទ្ធនេះ លុះត្រាតែចំណាប់ខ្មាំង ទាំងអស់ ដែលកាន់កាប់ដោយ ក្រុមហាម៉ាស ត្រូវបានដោះលែង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា “ការ​ខ្វល់ខ្វាយ​ទាំង​អស់​នេះ ​ថា​តើ​មាន​អ៊ីនធឺណិត​ឬ​អត់​នៅ​ហ្គាហ្សា​ បង្ហាញ​ថា​យើង​មិន​បាន​រៀន​អ្វី​សោះ។ យើងជាមនុស្សមានមនុស្សធម៌ពេក» , នេះបើតាមលោក Nissim Vaturi សមាជិកនៃគណបក្ស Likud របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានសរសេរនៅលើ X (អតីត Twitter) កាលពីថ្ងៃសុក្រ។

លោក Nissim Vaturi បានសរសេរថា “ដុត​ហ្កាហ្សា​ឥឡូវ​នេះ ដុតឱ្យខ្លាំងទៅ! កុំ​ឲ្យ​សាំង​ចូល កុំ​ឲ្យ​ទឹក​ចូល​រហូត​ទាល់​តែ​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ!»។

ការអត្ថាធិប្បាយរបស់ លោក Vaturi គឺជាសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់ដែលធ្វើឡើងដោយអ្នកនយោបាយអ៊ីស្រាអែល ទាក់ទងនឹងប្រតិបត្តិការដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។ កាលពីដើមខែនេះ លោក Netanyahu បានផ្អាកការងាររដ្ឋមន្ត្រីបេតិកភណ្ឌ Amihai Eliyahu ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីលោកបានស្នើឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងក្រុមប៉ាឡេស្ទីន។

ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងជាង ២០០ នាក់ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលារបស់ខ្លួនលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ដែលភាគច្រើនជាជនស៊ីវិល។ អ៊ីស្រាអែល​បាន​ឆ្លើយ​តប​នឹង​ការ​លុកលុយ​ដោយ​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​និង​ការ​លុកលុយ​លើ​ទឹកដី​ហ្គាហ្សា៕

ប្រែសម្រួលៈ ណៃ តុលា

To Top