បរទេស៖ យន្តហោះចម្បាំងទាំងនោះ បានបង្ហាញភាពលេចធ្លោរបស់ខ្លួនម្តងទៀត នៅក្នុងដែនអាកាស នៃតំបន់ប្រតិបត្តិការពិសេស ដោយបានបាញ់មីស៊ីល ជាបន្តបន្ទាប់ទៅលើទីតាំង យោធាអ៊ុយក្រែន នៅតំបន់ South Donetsk ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្សី បានផ្សព្វផ្សាយវីដេអូរបស់កងកម្លាំងអាកាសរុស្ស៊ី ដែលបានបំផ្លាញសម្ភារៈយោធា និងបរិក្ខាររបស់កងទ័ពអ៊ុយក្រែន នៅតំបន់ South Donetsk ។
ការបាញ់មីស៊ីល ត្រូវបានធ្វើឡើងដោយយន្តហោះចម្បាំង២គ្រឿង ហោះក្នុងរយៈកម្ពស់ទាប ដែលបង្ហាញពីជំនាញខ្ពស់ របស់អ្នកបើកយន្តហោះរុស្ស៊ី។ ក្រោយការវាយប្រហារ ក្រុមនាវិកបានប្រើល្បិចកលយ៉ាងប៉ិនប្រសប់ ដោយដាក់ពង្រាយអន្ទាក់កម្ដៅ ដើម្បីគេចពីការវាយលុក ដែលអាចកើតមាន មុនពេលត្រឡប់ទៅអាកាសយានដ្ឋាន ចាកចេញរបស់ពួកគេវិញយ៉ាងរលូន។
ការវាយប្រហារមិនត្រឹមតែ នាំឱ្យមានការបំផ្លិចបំផ្លាញទីតាំងវាល និងរថពាសដែកដែលលាក់បាំង របស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគូសបញ្ជាក់ ពីឧត្តមភាពនៃអាកាសចរណ៍រុស្ស៊ីផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា