ព័ត៌មានអន្តរជាតិ

Update: ក្រោមសម្ពាធពីអាមេរិក អ៊ីស្រាអែល អនុញ្ញាតឱ្យដឹកប្រេងសាំង ដោយមានកំណត់ ទៅកាន់តំបន់ហ្គាហ្សា

រូបភាព៖ Afp

បរទេស៖ ក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីសហរដ្ឋអាមេរិក ប្រទេសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងអនុញ្ញាតឱ្យដឹកជញ្ជូនឥន្ធនៈ ធុនតូចៗ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប សម្រាប់គោលបំណង មនុស្សធម៌ ខណៈដែលក្បួនរថយន្តជំនួយ របស់អង្គការសហប្រជាជាតិ នៅតែផ្អាកសម្រាប់រយៈពេលបីថ្ងៃ ជាប់ៗគ្នា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយកក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល Tzachi Hanegbi បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រនៅទីក្រុង Tel Aviv ថា “កាលពីល្ងាចម្សិលមិញ គណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្រ្គាម បានឆ្លើយតបទៅនឹង សំណើពិសេស របស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ធុងសាំងចំនួនពីរ ក្នុងមួយថ្ងៃ សម្រាប់កន្លែងបន្សុទ្ធទឹកស្អុយ នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងប្រឈមនឹងផលលំបាក ដោយសារតែគ្មានអគ្គិសនី និងសមត្ថភាពគ្រប់គ្រង ប្រព័ន្ធទឹក និងលូ ដែល UNWRA គ្រប់គ្រង” ។ UNRWA គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលជួយប៉ាឡេស្ទីន។

នៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា អ៊ីស្រាអែលបានយល់ព្រមអនុញ្ញាតឱ្យ ប្រេងឥន្ធនៈចំនួន ១៤០.០០០ លីត្រ រៀងរាល់ ៤៨ ម៉ោង ដឹកចូលតំបន់ហ្គាហ្សាភាគខាងត្បូងតាមរយៈព្រំដែន Rafah ឆ្លងកាត់ជាមួយអេហ្ស៊ីប និងប្រេង ១២០.០០០ លីត្រ សម្រាប់រថយន្តជំនួយរបស់ UNRWA, សម្រាប់រោងចក្រចម្រោះ រោងចក្រ កន្លែងដាក់លូ និងមន្ទីរពេទ្យ និង ២០.០០០ លីត្រ សម្រាប់ម៉ាស៊ីនភ្លើងដើម្បីឱ្យទូរគមនាគមន៍ដំណើរការ។ ការដឹកជញ្ជូនលើកដំបូង ត្រូវបានរំពឹងថា នៅធ្វើឡើងនៅថ្ងៃសៅរ៍។

ប្រធានផ្នែកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយកាលពីថ្ងៃសុក្រថា ប្រហែល ២០០.០០០ លីត្រ ក្នុងមួយថ្ងៃ គឺត្រូវការ “ដើម្បីបំពេញនូវទំនួលខុសត្រូវមនុស្សធម៌ របស់យើងនៅទូទាំងតំបន់ហ្គាហ្សា – ខាងជើង និងខាងត្បូង”៕

ប្រែសម្រួលៈ ណៃ តុលា

To Top