សាន់ហ្វ្រាន់ស៊ីស្កូ៖ បណ្ដាមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក មិនបាននិយាយសំដៅលើការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន ឬសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់ពួកគេ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដោយបង្ហាញភាពមិនចុះសម្រុងគ្នា របស់ពួកគេជុំវិញជម្លោះ ដែលកំពុងបន្តទាំងពីរ ទោះបីជាពួកគេព្យាយាមជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក៏ដោយ។
មេដឹកនាំនៃវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកបានអះអាងជាថ្មី នៅសាន់ហ្វ្រាន់ស៊ីស្កូពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់ និងសមាហរណកម្មសេដ្ឋកិច្ច ដែលជំរុញដោយទីផ្សារ ហើយបានឲ្យដឹងថាពួកគេ “នៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនរបស់យើងទាំងអស់គ្នា និងដើម្បីបង្កើតអនាគត ដែលធន់ និងនិរន្តរភាព”។
ដោយសារការបែកបាក់គ្នាជុំវិញជម្លោះនៅអឺរ៉ុប និងមជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធ បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានដាច់ដោយឡែកមួយ ដែលមិនតម្រូវឱ្យមានការឯកភាពដោយថា “សមាជិកភាគច្រើនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។
ក្រុមដែលមានសមាជិកទាំង ២១ នោះរួមមាន ចិន និងរុស្ស៊ី ព្រមទាំងអូស្ត្រាលី ឈីលី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
សេចក្តីថ្លែងការណ៍របស់ប្រធានបានឲ្យដឹងថា ពួកគេក៏បានពិភាក្សាអំពីវិបត្តិនៅតំបន់ហ្គាហ្សា និងបានបង្ហាញពីជំហររៀងៗខ្លួនអំពីសង្គ្រាម ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល កាលពីខែមុនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
ប៉ុន្តែលោក បៃដិន បានឲ្យដឹងថា “មេដឹកនាំមួយចំនួន” បានជំទាស់នឹងការប៉ះសង្រ្គាមនៅក្នុងសេចក្តីប្រកាស Golden Gate របស់ពួកគេ ដោយថាពួកគេមិនគិតថា APEC គឺជាវេទិកា ដើម្បីពិភាក្សាអំពីបញ្ហាភូមិសាស្ត្រនយោបាយនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
រូបភាព៖ Kyodo