ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មានជម្រើសដ៏ឈ្លាសវៃ ក្នុងការសហការជាមួយចិន

រូបភាព៖ Xinhua

សាន់ហ្វ្រាន់ស៊ីស្កូ៖ វាជារឿងល្អសម្រាប់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មធម្មតា និងសហការជាមួយប្រទេសចិន ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមអ្នកជំនាញ មកពីប្រទេសអាល្លឺម៉ង់។

លោក Richard Black តំណាងវិទ្យាស្ថាន Schiller នៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានឲ្យដឹងថា ជាមួយនឹងសេដ្ឋកិច្ចអាមេរិក ក្នុងការធ្លាក់ចុះយ៉ាងពិតប្រាកដ បំណុលជាតិដែលកំពុងកើនឡើង និងពពុះហិរញ្ញវត្ថុដែលហៀបនឹងផ្ទុះប្រព័ន្ធធនាគារ នៅពេលណាមួយ វាជាការល្អសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងការកែលម្អ ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសចិន ហើយដូច្នេះទទួលបានអត្ថប្រយោជន៍ ពីប្រទេសចិនជាទីផ្សារ នាំចេញដ៏ធំសម្បើម។

លោក Black បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានសហការគ្នាយ៉ាងល្អ នៅក្នុងប្រវត្តិសាស្ត្រ លោក បៃដិន នឹងមានភាពឆ្លាតវៃក្នុងការរៀនពីប្រវត្តិសាស្ត្រ និងសហការជាមួយប្រទេសចិននាពេលនេះ និងក្នុងពេលអនាគត។

លោក​បាន​បន្ត​ថា “អាមេរិក​ធ្លាប់​ល្បីល្បាញ​ដោយសារ​ការ​ប្រែក្លាយ ​វិទ្យាសាស្ត្រ​ជឿនលឿន ​ទៅ​ជា​ឧស្សាហកម្ម និង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន នេះ​ជា​អ្វី​ដែល​ចិន​កំពុង​ធ្វើ​នៅ​ថ្ងៃ​នេះ”។

លោក Black បានលើកឡើងថាកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះគឺអាចធ្វើទៅបានម្តងទៀតប្រសិនបើលោក បៃដិន និងក្រុមរបស់លោក គោរពយ៉ាងសកម្មនូវគោលការណ៍ចិនតែមួយ និងបញ្ឈប់គោលនយោបាយដ៏ឃោរឃៅ និងគ្រោះថ្នាក់ខ្ពស់របស់ពួកគេ។

លោកបានបន្ដថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងកែប្រែសកម្មភាពដ៏សាហាវរបស់ខ្លួន ចំពោះប្រទេសចិន ទាក់ទងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលបំពានលើគោលការណ៍ចិនតែមួយ ការអនុវត្តទណ្ឌកម្មសេដ្ឋកិច្ច និងការប៉ុនប៉ងធ្វើឱ្យខូចដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top