ព័ត៌មានអន្តរជាតិ

ទំនាក់ទំនង រវាងមហាអំណាចចិន-អាមេរិក មានសារៈសំខាន់ ចំពោះអនាគតពិភពលោក

រូបភាព៖ Xinhua

អ៊ីស្ឡាម៉ាបាដ៖ សេដ្ឋវិទូប៉ាគីស្ថានបានឲ្យដឹងថា ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុត ប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវតែចូលរួមជាមួយគ្នា ដើម្បីបង្កើតអនាគតដ៏រឹងមាំ និងនិរន្តរភាពសម្រាប់ពិភពលោក។

លោក Mahmood Khalid សេដ្ឋវិទូស្រាវជ្រាវជាន់ខ្ពស់ នៅ Macro Policy Lab នៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ាគីស្ថាន ដែលជាអ្នកគិតគូរដែលមានមូលដ្ឋាននៅទីក្រុងអផីស្លាម៉ាបាដ បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍ថ្មីៗនេះថា អនាគតពិភពលោកដែលធន់នឹង “អាចកើតឡើង បានលុះត្រាតែប្រទេសសេដ្ឋកិច្ចធំទាំងពីរនេះ ទាក់ទងគ្នាទៅវិញទៅមក”។

លោកបានលើកឡើងថា ប្រទេសចិន គឺជាកម្លាំងជំរុញកំណើនសម្រាប់ពិភពលោកទាំងមូល ហើយបានក្លាយជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ជាមួយស្ទើរតែគ្រប់ប្រទេស ដោយបន្ថែមថា ប្រទេសចិនមានសារៈសំខាន់ក្នុងការផ្តល់នូវដំណោះស្រាយដែលផ្តោតលើបច្ចេកវិទ្យា និងសន្សំសំចៃកាន់តែច្រើន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ អន្តរជាតិ។

លោក​បាន​បន្ត​ថា ដូច្នេះ​ប្រសិន​បើ​សេដ្ឋកិច្ច​ទាំង​ពីរ​ មិន​ចូល​រួម​គ្នា​ទេ​នោះ ពិភពលោក​នឹង​មិន​អាច​សម្រេច​បាន​នូវ​សេដ្ឋកិច្ច​ ដែល​ធន់​និង​អនាគត​រុងរឿង​បាន​ឡើយ។ “វាមិនមែនគ្រាន់តែអំពីសហរដ្ឋអាមេរិក និងចិន ឥឡូវនេះទេ វានិយាយអំពីពិភពលោកទាំងមូល ដូច្នេះយើងមើលឃើញថា វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ”។

ទាក់ទងនឹងសេណារីយ៉ូសេដ្ឋកិច្ចពិភពលោក លោកបានបន្ថែមថា បរិយាកាសបច្ចុប្បន្នមិនអំណោយផល ដល់កំណើនសេដ្ឋកិច្ចទេ ខណៈដែលអ្វីៗអាចនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើសេដ្ឋកិច្ច ឈានមុខគេទាំងពីរមិនសហការ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top