ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្គាហ្សា បានប្រកាសថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅក្នុងការឡោមព័ទ្ធបានកើនឡើងលើសពី ១២,០០០ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា។
លោក Ismail al-Thawabta អគ្គនាយកនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកស្លាប់មានកុមារ ៥,០០០ នាក់ និងស្ត្រី ៣,៣០០ នាក់ ដោយបន្ថែមថាមនុស្សជាង ៣០,០០០នាក់បានរងរបួសផ្សេងៗគ្នា។
លោក Al-Thawabta បានលើកឡើងថា ចំនួនអ្នកបាត់ខ្លួនបានកើនលើស ៣,៧៥០នាក់ រួមទាំងកុមារ ១,៨០០នាក់ ដែលនៅតែស្ថិតនៅក្រោមគំនរបាក់បែកនៃអគារ ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
លោកបានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថាមានចេតនាកំណត់គោលដៅមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដកហូតសេវាសុខភាពរបស់ប្រជាជនប៉ាឡេស្ទីន និងជំរុញពួកគេឱ្យផ្លាស់ទីលំនៅ។
មន្ត្រីប៉ាឡេស្ទីន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យធ្វើអន្តរាគមន៍ “រំដោះមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Al-Shifa និងផ្គត់ផ្គង់ប្រេងឥន្ធនៈជាបន្ទាន់” ដោយមើលឃើញពីគ្រោះថ្នាក់ ដែលប្រឈមមុខនឹងមនុស្សឈឺ និងរបួសរាប់រយនាក់ និងជនភៀសខ្លួនរាប់ពាន់នាក់ ដែលកំពុងស្នាក់នៅខាងក្នុងនោះ។
អគារវេជ្ជសាស្ត្រ ដែលជាស្ថាប័នសុខភាពធំជាងគេនៅហ្គាហ្សា ថ្មីៗនេះបានជួបប្រទះប្រតិបត្តិការសិតសក់ និងការបិទផ្លូវដោយកងកម្លាំងអ៊ីស្រាអែល ដែលទទូចថាមន្ទីរពេទ្យត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស សម្រាប់គោលបំណងយោធា ដែលជាការអះអាងដែលត្រូវបានបដិសេធម្តងហើយម្តងទៀតដោយក្រុមហាម៉ាស និងរដ្ឋបាលមន្ទីរពេទ្យ៕ ប្រែសម្រួល ឈូក បូរ៉ា