បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសតួកគីនឹងស្នើទៅអ្នកត្រួតពិនិត្យអន្តរជាតិដើម្បីកំណត់ថាតើអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរនៅក្នុងកម្មសិទ្ធិរបស់ខ្លួនឬយ៉ាងណា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើជើងហោះហើរពីប្រទេសអាល្លឺម៉ង់ មេដឹកនាំតួកគីរូបនេះបានកត់សម្គាល់ថា អ៊ីស្រាអែលស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុតដែលមិនមែនជាភាគីនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ ១៩៦៨ ។
លោក Erdogan បាននិយាយថា ទីក្រុងអង់ការ៉ានឹងស្នើឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិស៊ើបអង្កេតថាតើរដ្ឋជ្វីហ្វមានឃ្លាំងអាវុធនុយក្លេអ៊ែរដែរឬទេ។
លោក Erdogan បាននិយាយថា “ការឆ្ពោះទៅមុខជាមួយនឹងចំណុចនេះគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងលក្ខខណ្ឌនៃតុល្យភាពផលប្រយោជន៍ជាយុទ្ធសាស្រ្តនៅក្នុងតំបន់។ យើងនឹងបន្តដាក់សម្ពាធលើអ៊ីស្រាអែល»។ “អាវុធនុយក្លេអែររបស់អ៊ីស្រាអែលត្រូវតែត្រួតពិនិត្យលើសពីការសង្ស័យ មុនពេលវាយឺតពេល។ យើងនឹងធ្វើការតាមដានរឿងនេះ។ ខ្ញុំក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិកុំឲ្យរឿងនេះកន្លងផុតទៅ»។
ទោះបីជាអ្នកជំនាញជឿជាក់យ៉ាងទូលំទូលាយថា អ៊ីស្រាអែលរក្សាកម្មវិធីអាវុធនុយក្លេអ៊ែរសម្ងាត់ក៏ដោយ ក៏ប្រទេសនេះមិនបញ្ជាក់ ឬបដិសេធយ៉ាងច្បាស់លាស់ពីវត្តមានរបស់ខ្លួនឡើយ។ ចំណែក រដ្ឋមន្ត្រីបេតិកភណ្ឌរបស់អីស្រាអែលលោក Amihai Eliyahu បានបង្កឱ្យមានកំហឹងពាសពេញពិភពលោកមូស្លីមក្នុងខែនេះ នៅពេលដែលលោកបានអណ្តែតលើគំនិតនៃការទម្លាក់ “គ្រាប់បែកនុយក្លេអ៊ែរ” លើតំបន់ហ្គាហ្សាស្ទ្រីប។ នាយករដ្ឋមន្ត្រី Benjamin Netahyau បានព្យួរការងាររដ្ឋមន្ត្រីរូបនេះពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាប់ពីមានការអត្ថាធិប្បាយដុតបំផ្លាញបែបនេះ៕ ប្រែសម្រួលៈ ណៃ តុលា