បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានធ្វើការលើកឡើងមួយ កាលពីថ្ងៃអាទិត្យម្សិលមិញថា គំនិតចុងក្រោយរបស់ប្រធានាធិបតីអាមេរិក Joe Biden សម្រាប់កាសែត Washington Post ជាថ្មីម្តងទៀតបានគូសបញ្ជាក់អំពីខ្លឹមសារនៃ គោលលទ្ធិសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន ពោលគឺទាញយកប្រយោជន៍របស់អាមេរិក ចេញពីការចំណាយរបស់អ្នកដទៃ។
យោងតាមការចេញផ្សាយរបស់ RT លោក Medvedev បាននិយាយកាលពីថ្ងៃអាទិត្យ នៅក្នុងការបង្ហោះនៅលើ X ថាខ្លឹមសារនៃគោលលទ្ធិសន្តិសុខអាមេរិក គឺជាកិច្ចខិតខំធ្វើឲ្យសុវត្ថិភាពជាងមុន ដោយការចាក់បញ្ចូលលុយចូលទៅក្នុង ឧស្សាហកម្មយោធារបស់ខ្លួននិងចាប់ផ្តើម សង្រ្គាមនៅលើទ្វីបផ្សេងទៀតប៉ុណ្ណោះ ។
កន្លងមកលោក Biden បាននិយាយនៅក្នុងអត្ថបទរបស់គាត់ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា៖ នោះហើយជាមូលហេតុដែលការប្តេជ្ញាចិត្ត របស់យើងចំពោះអ៊ុយក្រែននៅថ្ងៃនេះ គឺជាការវិនិយោគលើសន្តិសុខផ្ទាល់ខ្លួនរបស់យើង។
លោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានឆ្លើយតបនឹងបញ្ហានេះ ដោយនិយាយថាអាមេរិកចាត់ទុកជាសំខាន់ថា បញ្ហាលុយនិងការបង្ហូរឈាម គឺជាកិច្ចការងាររួមគ្នាហើយវានឹងបង្កើតទៅជាការវិនិយោគ ដ៏ល្អមួយសម្រាប់អាមេរិក ៕
ប្រែសម្រួល៖ ស៊ុន លី