ឆ្នាំនេះគឺជាខួបទី ៣០ នៃការបើកធ្វើកិច្ចប្រជុំក្រៅផ្លូវការលើកទីមួយ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ មនុស្សជាច្រើនសុទ្ធតែគិតពិចារណាថា តើត្រូវបង្កើត”៣០ឆ្នាំមាស” បន្ទាប់មួយទៀតនៃការអភិវឌ្ឍរបស់ អាស៊ីប៉ាស៊ីហ្វិកដោយរបៀបណា ? កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែល បានធ្វើឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអំពាវនាវឱ្យបណ្តាភាគីនានា ពួតដៃគ្នាដើម្បីជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចកំណើនអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយបានសន្យាថា ប្រទេសចិននឹងផ្តល់កាលានុវត្តភាពថ្មី ដល់ការជំរុញឱ្យសម្រេចបាននូវការធ្វើទំនើបកម្ម នៃបណ្តាប្រទេសនានាលើពិភពលោក តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជាបានផ្តល់ចម្លើយរបស់ប្រទេសចិន ។
សូមក្រឡេកទៅមើលការអភិវឌ្ឍ របស់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះសិន ។ កម្រិតពន្ធគយគិតជាមធ្យមនៅតំបន់ អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះពី ១៧ ភាគរយមកនៅត្រឹម ៥ ភាគរយ អត្រារួមចំណែកចំពោះ កំណើនសេដ្ឋកិច្ចសកលមានចំនួនដល់ទៅ ៧០ ភាគរយ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើងចំនួនបួនដង ហើយចំនួនប្រជាជន ១ ពាន់លាននាក់បានបម្រះខ្លួនចេញ ផុតពីភាពក្រីក្រដោយជោគជ័យ ។ល។ វាបានបង្កើត “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក” ដែលគួរឱ្យកត់សម្គាល់ ។
នៅពីក្រោយអច្ឆរិយនៃការអភិវឌ្ឍ បែបនេះមានពាក្យគន្លឹះចំនួនពីរ មួយគឺ “មធ្យោបាយដ៏សំខាន់” ក្នុងនាមជាវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់ អង្គការ APEC បានជំរុញការធ្វើសមាហរណកម្ម សេដ្ឋកិច្ចនៃអាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលបានជួយជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក ក្លាយជាមជ្ឈមណ្ឌលកំណើន សេដ្ឋកិច្ចរបស់ពិភពលោក ។ មួយទៀតគឺ “បំណងដើម”។ អង្គការ APEC បានបង្កើតឡើងក្នុងបរិបទ ដែលសង្គ្រាមត្រជាក់បានបញ្ចប់មិនជាយូរប៉ុន្មាន និងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បានក្លាយជាចរន្តយុគសម័យបន្តិចម្តងៗ ឆ្លងតាមរយៈការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ក្នុងតំបន់និងការធ្វើសមាហរណកម្ម អង្គការ APEC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ តំបន់អាស៊ីប៉ាស៊ីហ្វិកនិងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានលើកឡើងកម្មវត្ថុ និងគោលដៅមួយចំនួនដូចជាបង្កើន ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានភាពបើកទូលាយ និងកាត់បន្ថយរបាំងនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ជាដើម ។
រយៈពេល ៣០ ឆ្នាំបានកន្លងផុតទៅហើយ ពិភពលោកបានកើតមានបម្រែបម្រួលយ៉ាងខ្លាំង ។ អាស៊ីប៉ាស៊ីហ្វិកបានក្លាយជា ខ្សែក្រវាត់កំណើនដែលមានភាពរស់រវើកបំផុត នៃសេដ្ឋកិច្ចពិភពលោករួចហើយ ប៉ុន្តែស្របពេលជាមួយគ្នានេះ វាបាននិងកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ដូចជា ភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ការអភិវឌ្ឍដោយអតុល្យភាព ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ និងបម្រែបម្រួលអាកាសធាតុជាដើម ។ ប្រទេសធំមួយចំនួនតូចបាននិងកំពុងញុះញង់ឱ្យ “ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” និងធ្វើបដិបក្ខគ្នាជាក្រុមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានបង្កជាការរំខាន និងការបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍក្នុងតំបន់ ។
ក្នុងបរិបទបែបនេះ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តួចផ្តើមក្នុងកិច្ចប្រជុំកំពូលនៃអង្គការ APEC លើកនេះថា គួរ”ប្រកាន់ខ្ជាប់បំណងដើម សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាពួតដៃគ្នាជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចកំណើនអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់” ដែលមានភាពស៊ីសង្វាក់គ្នា ជាមួយគោលដៅរបស់អង្គការ APEC និងសម្របទៅតាមចរន្តអភិវឌ្ឍន៍នៃយុគសម័យ ហើយក៏កាន់តែឆ្លុះបញ្ចាំងពីសំឡេងរួម របស់ប្រជាជនក្នុងតំបន់ផងដែរ ។
ការសម្រេចបាននូវ “កំណើនប្រកបដោយគុណភាពខ្ពស់” នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវការកិច្ចសហប្រតិបត្តិការដោយស៊ីសង្វាក់គ្នា ជាពិសេសគឺ ប្រទេសធំៗគួរតែរ៉ាប់រងទំនួលខុសត្រូវ របស់ខ្លួននិងដើរតួនាទីជាគំរូក្នុងការគាំពារស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជារួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ។ ពេលថ្មីៗនេះ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិក នៅសាន់ហ្វ្រាន់ស៊ីស្កូបានឈានដល់ គំនិតឯកភាពរួមដ៏សំខាន់ បានបំពេញបន្ថែមភាពប្រាកដប្រជា និងលើកកម្ពស់ភាពនឹងនរដល់ពិភពលោក ដែលបាននិងកំពុងឈានចូល ដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ។
តាំងពីដើមមក បំណងដើមរបស់ប្រទេសចិន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក មិនបានកែប្រែជាដរាប ដែលមិនត្រឹមតែបានចង្អុលបង្ហាញ ពីទិសដៅប៉ុណ្ណោះទេ ថែមទាំងក៏បានចាត់ប្រតិបតិ្តការជាក់ស្តែងផងដែរ ។ ពីអតីតកាលក្នុងប្រវត្តិសាស្ត្រដល់ ពេលបច្ចុប្បន្ននេះរហូតដល់ពេលអនាគត តំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែជាវេទិកាអភិវឌ្ឍន៍ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជានិច្ច ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន