ព័ត៌មានអន្តរជាតិ

“វឌ្ឍនភាពល្អ” ត្រូវបានធ្វើឡើង នៅក្នុងការសម្របសម្រួល រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

រូបភាព៖ Afp

ដូហា៖ រដ្ឋមន្ត្រីការបរទេសកាតាបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងដំណើរការដោយ “វឌ្ឍនភាពល្អ” ត្រូវបានធ្វើឡើងក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ។

លោក Sheikh Mohammed bin Abdulrahman Al Thani ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកាតា បានធ្វើការកត់សម្គាល់ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងដូហា របស់ប្រទេសកាតា ជាមួយលោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីកាតា និងមន្ត្រីសហភាពអឺរ៉ុប បានពិភាក្សាអំពីវិធីនៃកិច្ចសហប្រតិបត្តិការរវាងកាតា និងសហភាពអឺរ៉ុប ដើម្បីឈានទៅដល់ដំណោះស្រាយយូរអង្វែង និងសន្តិភាព ចំពោះវិបត្តិហ្គាហ្សាក្នុងទិដ្ឋភាពនយោបាយ និងមនុស្សធម៌។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Al Thani បានបញ្ជាក់ថា “អាទិភាពកំពូលរបស់យើង គឺសម្រេចបានបទឈប់បាញ់ភ្លាមៗ និងបញ្ចប់ប្រតិបត្តិការសងសឹកទាំងអស់ និងការវាយប្រហារដោយមិនរើសអើងលើតំបន់ហ្គាហ្សាស្ទ្រីប”។

រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា “អ្វីដែល សំខាន់បំផុត គឺការមើលឃើញជំនួយមនុស្សធម៌ និងជំនួយដែលហូរចូលទៅក្នុងហ្គាហ្សា” ដោយបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចក្នុងរឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រួលដល់វា។

ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលាមក ប្រទេសកាតា បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការសម្រុះសម្រួលរវាងភាគីជម្លោះ ធានាការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស កាន់កាប់ និងកាត់បន្ថយស្ថានការណ៍នៅតំបន់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top