បរទេស៖ ការិយាល័យប្រធានាធិបតី របស់ប្រទេស ម៉ាល់ឌីវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ប្រទេសម៉ាល់ឌីវបានអំពាវនាវ ជាផ្លូវការឱ្យ ឥណ្ឌា ដកបុគ្គលិកយោធាទាំងអស់ ដែលឈរជើងនៅលើទឹកដី របស់ខ្លួន ដោយបន្ថែមថា ទាហានឥណ្ឌាចំនួន ៧៧ នាក់បច្ចុប្បន្នស្ថិតនៅក្នុង រដ្ឋប្រជុំកោះ ក្នុងមហាសមុទ្រឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីថ្មីរបស់ប្រទេសកោះនេះ លោក Mohamed Muizzu បានចូលកាន់តំណែងកាលពីថ្ងៃសុក្រ បន្ទាប់ពីបានក្លាយជាមេដឹកនាំជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យទី៥របស់ម៉ាល់ឌីវ។ គន្លឹះនៃជ័យជំនះរបស់លោកនៅឯការបោះឆ្នោតគឺជាការសន្យាមួយដើម្បីដកឥទ្ធិពលយោធាបរទេសណាមួយចេញពីរដ្ឋ។ លោក Muizzu ដែលត្រូវបានគេមើលឃើញថា ជាអ្នកគាំទ្រចិន ក៏បានធ្វើយុទ្ធនាការលើតុល្យភាពពាណិជ្ជកម្ម និងកាត់បន្ថយឥទ្ធិពលឥណ្ឌាលើម៉ាល់ឌីវ ផ្ទុយពីអ្នកកាន់តំណែងមុនរបស់លោកគឺ លោក Ibrahim Mohamed Solih ដែលបានបណ្តុះទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងញូវដែលី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ការិយាល័យប្រធានាធិបតីម៉ាល់ឌីវបាននិយាយថា ខ្លួនកំពុងបង្ហាញជាផ្លូវការ “វត្តមានរបស់បុគ្គលិកយោធាឥណ្ឌាចំនួន ៧៧ នាក់ដែលឈរជើងនៅក្នុងទឹកដីម៉ាល់ឌីវ” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគច្រើននៃកងទ័ពដែលចោទសួរគឺពាក់ព័ន្ធនឹងប្រតិបត្តិការយន្តហោះផ្សេងៗ ខណៈពេលដែលអ្នកផ្សេងទៀតទទួលខុសត្រូវលើការថែទាំ និងវិស្វកម្ម។
ការិយាល័យរបស់លោកប្រធានាធិបតី Muizzu បាននិយាយដាច់ដោយឡែកកាលពីថ្ងៃសៅរ៍ថា “ប្រជាជនម៉ាល់ឌីវបានផ្តល់ឱ្យប្រធានាធិបតី Muizzu នូវអាណត្តិដ៏រឹងមាំមួយដើម្បីធ្វើសំណើទៅកាន់ប្រទេសឥណ្ឌា និងបានបង្ហាញពីក្តីសង្ឃឹមថា ឥណ្ឌានឹងគោរពឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនម៉ាល់ឌីវ” ដែលជាផ្នែកនៃសំណើរបស់ខ្លួន សម្រាប់ការដកទ័ពឥណ្ឌាចេញ៕
ប្រែសម្រួលៈ ណៃ តុលា