តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ បានបង្ហាញនូវកាំជ្រួចមីស៊ីលផ្លោងលឿន ជាងសំឡេង ដែលផលិតក្នុងស្រុកថ្មីមួយប្រភេទ ទៀត។
របាយការណ៍បានឲ្យដឹងថា មីស៊ីលដែលមានឈ្មោះថា Fattah-2 (Conqueror-2) ត្រូវបានបង្ហាញក្នុងអំឡុងពេល ដំណើរទស្សនកិច្ច របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei ទៅកាន់ការតាំងពិព័រណ៍ សមិទ្ធិផល នៃកងកម្លាំងអវកាសរបស់ IRGC នៅក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន Tasnim មីស៊ីល Fattah-2 ត្រូវបានបំពាក់ដោយក្បាលគ្រាប់ ដែលមានល្បឿនលឿនជាងសំឡេង (HGV) ដែលអាចធ្វើចលនា និងហោះក្នុងល្បឿនលឿនជាងសំឡេង។ កាលពីខែមិថុនា អ៊ីរ៉ង់ បានបង្ហាញកាំជ្រួចល្បឿនលឿនជាងសំឡេងដំបូងគេបង្អស់របស់ខ្លួន ដែលមានឈ្មោះថា Fattah ។
ប្រភពបានបានឱ្យដឹងថា មីស៊ីល Fattah ជាមីស៊ីលពីរដំណាក់កាល ដែលដឹកនាំដោយភាពជាក់លាក់ អាចវាយប្រហារគោលដៅក្នុងរយៈចម្ងាយ ១៤០០គីឡូម៉ែត្រ ជាមួយនឹងល្បឿន Mach 13 (ប្រហែល ១៦០០០គីឡូម៉ែត្រក្នុងមួយម៉ោង) ។
គេហទំព័រ Tasnim បានចុះផ្សាយថា វាត្រូវបានបំពាក់ដោយក្បាលគ្រាប់ ដែលមានម៉ាស៊ីនស្វ៊ែរ ដំណើរការលើឥន្ធនៈរឹង និងក្បាលម៉ាស៊ីន ដែលអាចចល័តបាន ដែលអនុញ្ញាតឱ្យមីស៊ីលនេះ ហោះបានគ្រប់ទិសដៅទាំងក្នុង និងក្រៅបរិយាកាសផែនដី៕
ប្រែសម្រួល ឈូក បូរ៉ា