ព័ត៌មានអន្តរជាតិ

កាត់ទោសបណ្តាញ ម៉ាហ្វីយ៉ាដ៏ធំ នៅក្នុងប្រទេសអ៊ីតាលី ឱ្យជាប់គុក រហូតដល់ ២.២០០ឆ្នាំ

POLITIKO

បរទេស៖ តុលាការនៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃច័ន្ទ បានកាត់ទោសសមាជិក និងសហការីនៃអង្គការឧក្រិដ្ឋកម្ម អ៊ិនដ្រេងហ្គេដា (‘Ndrangheta) ចំនួន ២០៧នាក់ ឱ្យជាប់ពន្ធនាគារ សរុបជាង ២.២០០ឆ្នាំ ដោយបានបញ្ចប់ ដំណាក់កាលដំបូង នៃការកាត់ទោសក្រុមម៉ាហ្វីយ៉ា ដ៏ធំបំផុតនៅក្នុងប្រទេសនេះ ក្នុងរយៈពេលជិត ៤ ទសវត្សរ៍មកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ចុងចោទត្រូវបានចោទប្រកាន់ ពីបញ្ជីនៃឧក្រិដ្ឋកម្មជាច្រើនរួមមានឃាតកម្ម ការជួញដូរគ្រឿងញៀន ការសូកប៉ាន់ ការជំរិតទារប្រាក់ និងការបង្កើតសមាគមឧក្រិដ្ឋកម្ម ។

ការកាត់ក្តីផ្តោតលើគ្រួសារ Mancuso ដែលជាអ្នកមានឥទ្ធិពលបំផុតមួយនៅក្នុងអង្គការឧក្រិដ្ឋកម្ម អ៊ិនដ្រេងហ្គេដា ទោះបីជាមេគ្រួសារ លូហ្គី មេនកូសូ នឹងត្រូវបានកាត់ទោស ដាច់ដោយឡែកពីគ្នា បន្ទាប់ពីក្មួយប្រុសរបស់គាត់ បានប្រែក្លាយ ភស្តុតាងរបស់រដ្ឋក៏ដោយ។ ចៅហ្វាយនៃត្រកូល ដែលត្រូវបានចោទ ប្រកាន់គឺរួមមាន សាវើរីយ៉ូ រ៉ាស៊ិនណាល់, ប៉ៅលីណូ ឡូ បៀនកូ និង ដូមិននីកូ បូណាវូតា បានទទួលការកាត់ទោសដ៏ធ្ងន់ធ្ងរក្នុងម្នាក់ៗ ជាប់គុក៣០ឆ្នាំ។

ព្រះរាជអាជ្ញា Nicola Gratteri បានប្រាប់កាសែត The Guardian កាលពីថ្ងៃចន្ទថា “ទីបំផុតយើងបានបង្ហាញឱ្យឃើញថា មានបណ្តាញកម្មករអាវស សហគ្រិន និងអ្នកនយោបាយធ្វើអាជីវកម្មជាមួយត្រកូល កាឡាប្រៀន ដោយបន្ថែមថា ការិយាល័យរបស់លោក “ពេញចិត្តណាស់” ចំពោះលទ្ធផលនេះ ។

បុគ្គលដែលមានកេរ្តិ៍ ឈ្មោះខ្ពង់ខ្ពស់ ត្រូវបានគេរកឃើញថា បានជាប់ក្នុងប្រតិបត្តិការ របស់ក្រុមឧក្រិដ្ឋជន រួមមានអតីតសមាជិក សភា ហ្វសា អ៊ីតាលៀ និងអនុប្រធាន ប័រលូស្កូនី លោក ហ្គៀនកាដូ ភីធីលី ដែលត្រូវបានកាត់ទោស ឱ្យជាប់គុក ១១ ឆ្នាំសម្រាប់ការចោទប្រកាន់ថា បានសហការជាមួយ អង្គការឧក្រិដ្ឋកម្ម អ៊ិនដ្រេងហ្គេដា និងមានទំនាក់ទំនងនយោបាយ ជាមួយគ្រួសារ មេនកូសូ ។ មេប៉ូលីស អភិបាលក្រុង ក្រុមប្រឹក្សាមូលដ្ឋាន និងអ្នកជំនួញដែលមានឋានៈខ្ពង់ខ្ពស់ក៏ត្រូវ បានកាត់ទោសផងដែរ។

ទ្រព្យសម្បត្តិ និងសាច់ប្រាក់រាប់លានអឺរ៉ូត្រូវ បានរឹបអូសក្នុងដំណើរការស៊ើបអង្កេត ដែលមានចំណងជើងថា “ប្រតិបត្តិការ Rinascita-Scott” ដែលឈានដល់ការចាប់ខ្លួនជនសង្ស័យជាង ៤០០ នាក់នៅទូទាំងប្រទេសអ៊ីតាលី ប៊ុលហ្គារី អាល្លឺម៉ង់ និងស្វីសក្នុងឆ្នាំ ២០១៩ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top