កូឡាឡាំពួរ៖ ប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសជនជាតិជប៉ុន ៧នាក់ដែលសង្ស័យថា បានធ្វើសកម្មភាពឆបោកតាមទូរស័ព្ទ ដែលកំណត់គោលដៅពលរដ្ឋ នៅក្នុងប្រទេសកំណើតរបស់ពួកគេ បន្ទាប់ពីបានឆ្មក់ចូលខុនដូក្នុងទីក្រុងកូឡាឡាំពួរ។
បុរសនោះមានអាយុចន្លោះពី ២៣ ទៅ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ពីបទល្មើសច្បាប់អន្តោប្រវេសន៍។ ប៉ូលីសបានឲ្យដឹងថា ពួកគេបានឆ្មក់ចូលផ្ទះល្វែងក្នុងរដ្ឋធានីម៉ាឡេស៊ី ហើយបានចាប់ខ្លួនជនសង្ស័យ ដកហូតទូរស័ព្ទ និងរបស់របរផ្សេងទៀត បន្ទាប់ពីត្រូវបានស្ថានទូតជប៉ុន ប្រាប់ឱ្យដឹងពីហេតុការណ៍នេះ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត ឧក្រិដ្ឋកម្មពាណិជ្ជកម្ម លោក Ramli Mohamed Yoosuf បានឲ្យដឹងថា ការស៊ើបអង្កេតបានបង្ហាញថា “ក្រុមនេះកំពុងប្រតិបត្តិការឆបោកតាមទូរស័ព្ទ” ផ្តោតលើជនជាតិជប៉ុន ដោយប្រើកម្មវិធីហៅទូរសព្ទ និងផ្ញើសារតាម Skype ដើម្បីទាក់ទងជនរងគ្រោះរបស់ពួកគេ។
សមាជិកក្រុមនេះត្រូវបានគេចោទប្រកាន់ថា បានក្លែងបន្លំជាបុគ្គលិកធនាគារ ហើយបានប្រាប់ជនរងគ្រោះថា មានបញ្ហាជាមួយគណនីរបស់ពួកគេ ដោយស្នើសុំឱ្យពួកគេផ្ទេរប្រាក់ ទៅគណនីមួយផ្សេងទៀត ដែលផ្តល់ដោយអ្នកបោកប្រាស់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ ឃុំខ្លួនបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតបន្ត។ ក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជនជាតិជប៉ុន ត្រូវបានរាយការណ៍នៅក្នុងផ្នែកផ្សេងទៀត នៃអាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះ។
កាលពីដើមខែនេះ ប៉ូលិសជប៉ុន បានចាប់ខ្លួនបុរសជនជាតិជប៉ុន ២៥ នាក់ ដែលសង្ស័យថាបានឆបោក តាមទូរស័ព្ទចេញពីរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបាននិរទេសពីប្រទេសកម្ពុជា ៕
ប្រែសម្រួល ឈូក បូរ៉ា