ព័ត៌មានអន្តរជាតិ

Update ៖ ចំនួនអ្នកស្លាប់ ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងលើសពី១៤.០០០នាក់

Xinhua

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ការិយាល័យប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើស ពី១៤.០០០នាក់ចាប់តាំងពីជម្លោះកើតឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ រហូតដល់បច្ចុប្បន្ន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ។

លោក Ismail al-Thawabta អគ្គនាយក នៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានថា នៅក្នុងចំណោមអ្នកស្លាប់ មានកុមារចំនួន៥.៨៤០នាក់ និងស្ត្រីចំនួន៣.៩២០នាក់ ខណៈដែលមនុស្សជាង៣៣.០០០នាក់ផ្សេងទៀត បានរងរបួស ។

លោក Al-Thawabta បានឲ្យដឹងថា ចំនួនអ្នកបាត់ខ្លួន បានកើនឡើងលើសពី៦.៨០០នាក់ ក្នុងនោះមានកុមារ និងស្ត្រីចំនួន ៤.៥០០នាក់ ដែលស្ថិតនៅក្រោមគំនរ បាក់បែកនៃអគារ ដែលត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល។

អ៊ីស្រាអ៊ែល បាននិងកំពុងធ្វើការវាយប្រហារ មកលើតំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីសងសឹកនឹង ការវាយប្រហារដ៏ គួរឱ្យភ្ញាក់ផ្អើល របស់ក្រុមហាម៉ាសលើភាគខាងត្បូង អ៊ីស្រាអ៊ែល កាលពីថ្ងៃទី ៧ ខែតុលា ក្នុងអំឡុងពេល ដែលក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានសម្លាប់មនុស្ស ប្រហែល១.២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top