ព័ត៌មានអន្តរជាតិ

យន្តហោះ AC-130J Ghostrider អាមេរិក បាញ់បំផ្លាញយន្តហោះគ្មានមនុស្សបើក របស់សត្រូវ នៅក្នុងប្រទេសអ៊ីរ៉ាក់

បរទេស៖ មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃអង្គារថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកបានបំផ្លាញដ្រូនដែលកងជីវពល “គាំទ្រដោយអ៊ីរ៉ង់” បន្ទាប់ពីយានមួយគ្រឿងនោះ បានបាញ់មីស៊ីលផ្លោងទៅកាន់កងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យរងមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានថា មូលដ្ឋានទ័ពអាកាស Al Asad នៅជិតទីក្រុងបាកដាដ បានរងការវាយប្រហារដោយ “កាំជ្រួចផ្លោងរយៈចម្ងាយជិត” បណ្តាលឲ្យទាហានអាមេរិក ៨ នាក់រងរបួស។ លោកស្រីបន្ថែមថា យន្តហោះ AC-130J Ghostrider បាននៅលើអាកាសរួចហើយ ហើយបានប្រទះឃើញយានសត្រូវ។

លោកស្រី Singh បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់មន្ទីរបញ្ចកោណថា “ពួកគេអាចចាត់វិធានការបាន ពីព្រោះពួកគេបានឃើញពួកសកម្មប្រយុទ្ធ” ។ លោកស្រីបានបន្តថា៖ «ពួកគេអាចតាមដានចលនារបស់ពួកសកម្មប្រយុទ្ធទាំងនេះនៅពេលដែលពួកគេផ្លាស់ទីចូលក្នុងយានជំនិះរបស់ពួកគេ។ ហេតុនេះហើយបានជាពួកគេអាចឆ្លើយតបបាន»។

យោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះនេះបានធ្វើឡើង “ការវាយប្រហារដោយស្វ័យការពារ” ដែល “បណ្តាលឱ្យខាងសត្រូវមានអ្នកស្លាប់ និងរបួសជាច្រើននាក់” ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ។

សូមជម្រាបថា មូលដ្ឋានទ័ពអាមេរិកជាច្រើននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់បានទទួលរងការវាយប្រហារយ៉ាងហោចណាស់ចំនួន ៦៦ដង ដោយក្រុមជីវពល “តស៊ូអ៊ីស្លាម” ដែលចាប់ផ្តើមនៅថ្ងៃទី ១៧ ខែតុលា ភ្លាមៗបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសគាំទ្ររបស់ខ្លួនចំពោះសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា៕

ប្រែសម្រួលៈ ណៃ តុលា

To Top