គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃអង្គារបានជំរុញ សហគមន៍អន្តរជាតិ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុវត្តតាមដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) នាពេលថ្មីៗនេះ ដែលអំពាវនាវ ឱ្យឈានដល់បទឈប់បាញ់ជាបន្ទាន់ និងបង្កើតច្រករបៀងមនុស្សធម៌ ឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីប ដែលរងគ្រោះដោយសង្រ្គាម។
ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់ របស់លោក Sisi បានកើតឡើងក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលនិម្មិតវិសាមញ្ញ របស់មេដឹកនាំនៃក្រុម BRICS ស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល និងស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ហ្គាហ្សា។
លោក បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូថា “អេហ្ស៊ីបបានប្រឆាំង និងថ្កោលទោសការសម្លាប់ជនស៊ីវិលមកពីគ្រប់ទិសទី ហើយក្នុងពេលជាមួយគ្នានេះ ខ្លួនបានបរិហារក្នុងន័យខ្លាំងបំផុត ការកំណត់គោលដៅលើជនស៊ីវិល និងសម្ភារៈបរិក្ខារស៊ីវិល ជាពិសេសមន្ទីរពេទ្យ”។
លោកបានលើកឡើងថា “សហគមន៍អន្តរជាតិ ទទួលខុសត្រូវផ្នែកមនុស្សធម៌ និងនយោបាយ ដើម្បីជួយសង្គ្រោះជនស៊ីវិល នៅតំបន់ហ្គាហ្សា និងដើម្បីបញ្ចប់ការ អនុវត្តអមនុស្សធម៌ទាំងនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយ ប្រហារគ្រប់បែបយ៉ាងលើតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយប្រហារ របស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់។ យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅក្នុងតំបន់នេះមានលើសពី ១៤,០០០នាក់។
ត្រូវបានអនុម័តនៅពាក់កណ្តាលខែវិច្ឆិកា ដំណោះស្រាយ ២៧១២ របស់ UNSC បានអំពាវនាវឱ្យមានការផ្អាកមនុស្សធម៌ និងច្រករបៀងនៅក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយ ទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។
ក្បួនរថយន្តជំនួយមនុស្សធម៌រាប់រយគ្រឿង ដែលផ្តល់ដោយប្រទេសអេហ្ស៊ីប និងប្រទេសដទៃទៀត និងអង្គការអន្តរជាតិ ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា តាមរយៈច្រកព្រំដែន Rafah រវាងតំបន់ស៊ីណៃខាងជើងរបស់ប្រទេសអេហ្ស៊ីប និងតំបន់ដែលឡោមព័ទ្ធប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី២១ ខែតុលា ៕
ប្រែសម្រួល ឈូក បូរ៉ា