ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ឆ្លើយតបទៅ នឹងការគំរាមសម្លាប់លោក ពូទីន ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន

រូបភាពពី៖​ XINHUA

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ការគំរាមកំហែងរបស់ទីក្រុងគៀវ ក្នុងការធ្វើឃាតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែភាគច្រើននៅតែមាននៅក្នុងអាណាចក្រនៃការនិទានរឿង ដែលផ្ទុយពីការពិត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Peskov ដែលបានប្រាប់អ្នកកាសែត Pavel Zarubin ថា “ប្រសិនបើអ្នកចាំ គឺថាមានការប៉ុនប៉ងដោយពាក្យសំដីមកលើអាយុជីវិតរបស់លោកពូទីនពីអ៊ុយក្រែនជាច្រើនដងក្នុងកម្រិតផ្សេងៗ” ។ “ពួកគេនឹងមិនជោគជ័យទេ” ។

ការអត្ថាធិប្បាយរបស់លោក Peskov បានធ្វើប្រតិកម្មទៅនឹងបទសម្ភាសន៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ទៅកាន់កាសែត The Sun របស់ចក្រភពអង់គ្លេស ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ។ នៅក្នុងបទសម្ភាសន៍នោះ លោក Zelensky បានអះអាងថា បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតរបស់រុស្ស៊ីយ៉ាងហោចណាស់ចំនួន៥ដង ហើយបានលើកឡើងផងដែរថា លោកនឹងសម្លាប់លោក ពូទីន ប្រសិនបើមានឱកាស។

លោក Zelensky បានប្រាប់អ្នកសារព័ត៌មានថា “នោះជាសង្រ្គាម ហើយអ៊ុយក្រែនមានសិទ្ធិទាំងអស់ដើម្បីការពារទឹកដីរបស់យើង” ។

កាសែត Washington Post បានរាយការណ៍កាលពីខែមុន ដោយដកស្រង់ប្រភពពី CIA ដែលបានសារភាពថា បានផ្តល់មូលនិធិដល់ការស៊ើបការណ៍សម្ងាត់របស់ទីក្រុងគៀវ ដោយអ្នកស៊ើបការណ៍អ៊ុយក្រែន បានទទួលខុសត្រូវចំពោះការធ្វើឃាតជាបន្តបន្ទាប់នៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

ចំណែកទីក្រុងគៀវវិញ គឺបានបដិសេធជាផ្លូវការថាមិនមានអ្វីពាក់ព័ន្ធនឹងឃាតកម្មទៅលើអ្នកកាសែតឈ្មោះ Darya Dugina និងអ្នកសរសេរប្លុក Vladlen Tatarsky ឬការប៉ុនប៉ងធ្វើឃាតអ្នកនិពន្ធ Zakhar Prilepin នោះឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top