សេអ៊ូល៖ កូរ៉េខាងជើងបានប្រកាសថា ផ្កាយរណបឈ្លបយកការណ៍យោធាបានបាញ់បង្ហោះនៅថ្ងៃមុននឹងចាប់ផ្តើមបេសកកម្មជាផ្លូវការនៅថ្ងៃទី០១ ខែធ្នូ បន្ទាប់ពីដំណើរការកែតម្រូវរយៈពេល ៧ ទៅ ១០ថ្ងៃ។
កូរ៉េខាងត្បូងបានឲ្យដឹងនៅពេលក្រោយមកថា ខ្លួនបានវាយតម្លៃថា ផ្កាយរណបឈ្លបយកការណ៍យោធារបស់កូរ៉េខាងជើង បានចូលក្នុងគន្លង ទោះបីជាអគ្គសេនាធិការចម្រុះបានបន្ថែមថា ត្រូវការពេលវេលា និងការវិភាគបន្ថែមដើម្បីកំណត់ថាតើវាដំណើរការត្រឹមត្រូវនៅទីនោះឬយ៉ាងណា។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ថា ផ្កាយរណបចារកម្ម Malligyong-1 បានទៅដល់គន្លងដោយជោគជ័យ ហើយមេដឹកនាំលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍សង្ខេបអំពីប្រតិបត្តិការរបស់ខ្លួនក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថា លោក គីម ក៏បានមើលរូបថតអវកាសនៃមូលដ្ឋានយោធាអាមេរិកនៅកោះ Guam រួមទាំងមូលដ្ឋានទ័ពអាកាស Anderson ដែលបានបញ្ជូនពីផ្កាយរណបនៅមជ្ឈមណ្ឌលគ្រប់គ្រងទូទៅទីក្រុងព្យុងយ៉ាង នៃរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ។
មេដឹកនាំកូរ៉េខាងជើងបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបានទទួល “ភ្នែក” មើលពីចម្ងាយឆ្ងាយណាស់” ជាអ្វីដែលគេសំដៅដល់ផ្កាយរណបឈ្លបយកការណ៍ខាងលើ នេះបើយោងតាមរបាយការណ៍។
ទន្ទឹមនឹងនេះ ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស “នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត នៃការបាញ់របស់កូរ៉េខាងជើង ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង” ថា “សកម្មភាពនេះបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើសពីនេះទៀត”៕ ប្រែសម្រួល ឈូក បូរ៉ា