ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ​សម្រេច​ផ្អាក​ផ្នែកខ្លះ ​នៃ​កិច្ច​ព្រមព្រៀង​យោធា ​អន្តរកូរ៉េ​ ជាមួយ​កូរ៉េខាងជើង

Kyodo

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានអនុម័តការផ្អាកមួយផ្នែក នៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨ បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាចុងក្រោយ របស់កូរ៉េខាងជើង ។

ក្រសួងការពារជាតិបានឲ្យដឹងថា ជាលទ្ធផលនៃការផ្លាស់ប្តូរនេះ កូរ៉េខាងត្បូងនឹងបន្តប្រតិបត្តិការឈ្លបយកការណ៍តាមអាកាស និងឃ្លាំមើលនៅក្នុងតំបន់គ្មានយោធា ដែលបំបែកប្រទេសទាំងពីរនៅម៉ោង ៣ រសៀល។

នាយករដ្ឋមន្ត្រីលោក Han Duck Soo បានឲ្យដឹងថា ការផ្អាកផ្នែក នៃកិច្ចព្រមព្រៀង ដែលហាមឃាត់ការហោះហើរ ក្នុងដែនអាកាសពីលើ បន្ទាត់កំណត់ព្រំដែន យោធានឹងពង្រឹងសមត្ថភាព យោធាកូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹង ចលនារបស់កូរ៉េខាងជើង និងកំណត់គោលដៅ នៅក្នុងប្រទេស ។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបឈ្លប យកការណ៍យោធា នៅក្នុងការប៉ុនប៉ងលើកទី៣ របស់ខ្លួនក្នុងឆ្នាំនេះ។ ការបាញ់បង្ហោះពីមុនរបស់ទីក្រុងព្យុងយ៉ាង ក្នុងខែឧសភា និងសីហា បានបញ្ចប់ដោយការបរាជ័យ ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលបច្ចុប្បន្នកំពុងបំពេញ ទស្សនកិច្ចនៅចក្រភពអង់គ្លេស បានអនុម័តសំណើរនេះ បន្ទាប់ពីមានការយល់ព្រម ពីគណៈរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំវិសាមញ្ញ ដែលធ្វើឡើងដោយលោក Han ។

ការបាញ់បង្ហោះចុងក្រោយរបស់កូរ៉េខាងជើង “បង្ហាញយ៉ាងច្បាស់ថា ខ្លួនគ្មានចេតនាគោរពតាមកិច្ចព្រមព្រៀង យោធាថ្ងៃទី១៩ ខែកញ្ញា ដែលរៀបចំឡើង ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ និងកសាងទំនុកចិត្ត”។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ 2018 ដោយមេដឹកនាំមុនរបស់លោក Yoon គឺលោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងគោលបំណងបញ្ឈប់សកម្មភាពយោធា អរិភាពរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃពុធថា កូរ៉េខាងត្បូង កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក និងជប៉ុន អំពីការធ្វើសមយុទ្ធដែន សមុទ្ររួមគ្នា ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នៅជិតឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹង ការបាញ់បង្ហោះផ្កាយរណបដោយកូរ៉េខាងជើង ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top