ព័ត៌មានអន្តរជាតិ

កិច្ច​ប្រជុំមេដឹកនាំកំពូល ចិន-អាមេរិក នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជា​សាកល ​លើ​ការ​ប្រែប្រួល​ អាកាសធាតុ

រូបភាព៖ Xinhua

ហ្សឺណែវ៖ ប្រធានអង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា កិច្ចប្រជុំនាពេលថ្មីៗនេះរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា នឹងមានឥទ្ធិពលវិជ្ជមានលើកិច្ចខិតខំ ប្រឹងប្រែងជាសកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

អគ្គលេខាធិការ WMO លោក Petteri Taalas បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួថា ការអភិវឌ្ឍន៍ជាវិជ្ជមាន ក្នុងអន្តរអន្តរកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ ដោយសារតួអង្គសំខាន់ ទាំងពីរ មានសក្តានុពលក្នុងការជំរុញ ការផ្លាស់ប្តូរយ៉ាងសំខាន់ នៅលើឆាកពិភពលោក។

លោកបានឲ្យដឹងនៅមុនសម័យប្រជុំលើកទី២៨ នៃសន្និសីទភាគី (COP28) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងឌូបៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីសប្តាហ៍មុន WMO បានចេញផ្សាយរបាយការណ៍ព្រមាន អំពីការកើនឡើងនៃវិបត្តិ នៃឧស្ម័នផ្ទះកញ្ចក់ ដែលមានកំដៅនៅក្នុងបរិយាកាស។ លោក Taalas បានឲ្យដឹងថា ឧស្ម័នផ្ទះកញ្ចក់សំខាន់ៗ រួមទាំងកាបូនឌីអុកស៊ីត មេតាន និងអុកស៊ីដនីត្រាត បានកើនឡើងដល់កម្រិតមួយ ​ នៅពេលដែលការបំភាយឧស្ម័ន ពីសកម្មភាពឧស្សាហកម្ម បន្តកើនឡើង វាមានតម្រូវការបន្ទាន់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

លោក បន្ដថា ពិភពលោកឥឡូវនេះមានបច្ចេកវិទ្យាទំនើប ដើម្បីដោះស្រាយបញ្ហា នៃការបំភាយកាបូនឌីអុកស៊ីត ដូចជាការផ្លាស់ប្តូរ ទៅជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលមានពណ៌បៃតង និងថោកជាង។

លោកបានបន្ថែមថា ទន្ទឹមនឹងនោះ ដោយសារតម្លៃអាគុយ និងរថយន្តអគ្គិសនីកំពុងធ្លាក់ចុះ ក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនឡើងៗបានផ្អាកការផលិតរថយន្តប្រើសាំងតាមបែបប្រពៃណី។

និយាយអំពីការវិនិយោគ របស់ប្រទេសចិនលើធនធានដ៏ច្រើន ដើម្បីបង្កើនសមត្ថភាពថាមពលកកើតឡើងវិញ លោក Taalas បានលើកឡើងថា ប្រទេសចិន គឺជាអ្នកផលិតថាមពលបៃតងដ៏ធំបំផុតរួចទៅហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top