យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបន្តការវាយលុករបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីបភ្លាមៗ បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី ដើម្បីដោះលែងចំណាប់ខ្មាំង។
លោក Eylon Levy អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបានឲ្យដឹងក្នុងអំឡុងសន្និសីទកាសែតថា “យើងកំពុងធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស ជាសង្រ្គាមដែលត្រូវបានចាប់ផ្តើមជាមួយនឹងការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសនៅថ្ងៃទី០៧ ខែតុលា ហើយវានឹងបន្ត”។
លោក Levy បានលើកឡើងថា សង្រ្គាមនឹងចាប់ផ្តើមឡើងវិញភ្លាមៗ បន្ទាប់ពីការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដែលបានគ្រោងទុកនៅក្រោមកិច្ចព្រមព្រៀង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែធ្វើការនៅយប់ថ្ងៃពុធ ដើម្បីបញ្ចប់ព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ន។ បទឈប់បាញ់រយៈពេល ៤ ថ្ងៃត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែគិតត្រឹមយប់ថ្ងៃពុធ ម៉ោងពិតប្រាកដសម្រាប់ការចាប់ផ្តើម បទឈប់បាញ់មិនត្រូវបានប្រកាសជាផ្លូវការទេ។
លោក Moussa Abu Marzouk មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់ Al Jazeera កាលពីថ្ងៃពុធថា បទឈប់បាញ់នៅហ្គាហ្សានឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នៅម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ។
បន្ថែមពីលើនេះ ព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងការដោះលែងកុមារ និងស្ត្រីយ៉ាងហោចណាស់ ៥០ នាក់ដែលត្រូវបានកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាស្ត្រីប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៥០នាក់ និងអ្នកទោសជំទង់នៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល មិនត្រូវបានបញ្ជាក់នោះទេ។
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាអំពីព័ត៌មានលម្អិតជាក់លាក់នៃកិច្ចព្រមព្រៀងនេះ នៅតែកំពុងបន្ត។ លោកថា “ការដោះលែងចំណាប់ខ្មាំង នឹងចាប់ផ្តើមយោងទៅតាមកិច្ចព្រមព្រៀងដើម ហើយមិនមែនមុនថ្ងៃសុក្រនោះទេ”។
ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad លោក David Barnea បានធ្វើដំណើរទៅកាន់ប្រទេសកាតា ដែលជាប្រទេសមិនមានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយរដ្ឋាភិបាលអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា