ព័ត៌មានអន្តរជាតិ

មូលដ្ឋាន យោធា អាមេរិកនៅស៊ីរី និងអ៊ីរ៉ាក់ បន្តរងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត និង យន្តហោះគ្មានមនុស្សបើក

Xinhua

បរទេស ៖ មន្ត្រីយោធាអាមេរិកម្នាក់បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានរងការវាយប្រហារចំនួន៤លើកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ ដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ប៉ុន្តែមិនមានអ្នករងរបួស ឬខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងអន្តរជាតិត្រូវបានរងការវាយប្រហារនៅទីតាំងពីរនៅភាគឦសានប្រទេសស៊ីរី ជាមួយនឹងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ។

នៅក្នុងប្រទេសអ៊ីរ៉ាក់ យន្តហោះគ្មានមនុស្សបើកត្រូវ បានបាញ់បង្ហោះឡើងនៅមូលដ្ឋានទ័ពអាកាស Ain Al-Asad ភាគខាងលិចទីក្រុងបាកដាដ ហើយយន្តហោះគ្មានមនុស្សបើកមួយទៀតត្រូវបានបាញ់បង្ហោះ នៅមូលដ្ឋានដែលមានកងកម្លាំងអាមេរិក នៅជិតអាកាសយានដ្ឋាន Irbil ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ។

ក្រុមដែលហៅខ្លួនឯងថា ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើទីតាំងទាំងនោះ។

ការវាយប្រហារនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារទៅលើក្រុមប្រដាប់អាវុធ Kataib Hezbollah ឬ KH ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅភាគខាងត្បូងនៃទីក្រុងបាកដាដក្នុងការ វាយប្រហារមួយដែល KH បាននិយាយថា បានធ្វើឱ្យសមាជិករបស់ខ្លួន ៨នាក់បានស្លាប់ ។

ការ​វាយ​ប្រហារ​ដោយ​អាមេរិកនេះ​ ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្កោល​ទោស​ថា ​ជា​ការ​កើន​ឡើង​និង​រំលោភ​លើ​ អធិបតេយ្យភាពរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top