ព័ត៌មានអន្តរជាតិ

សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែនថា រុស្ស៊ី ត្រៀមខ្លួនដើម្បីបញ្ឈប់ការប្រយុទ្ធ ប្រសិនបើអ៊ុយក្រែន យល់ព្រមរក្សាអព្យាក្រឹត ប៉ុន្តែលោកខាងលិច ណែនាំទីក្រុងកៀវបន្តប្រយុទ្ធ

រូបភាពពី៖​ Sputnik

បរទេស៖ រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់ការប្រយុទ្ធ ប្រសិនបើអ៊ុយក្រែនយល់ព្រមរក្សាអព្យាក្រឹត ប៉ុន្តែលោកខាងលិចបានណែនាំឲ្យទីក្រុងកៀវបន្តដំណើរទៅមុខទៀត, នេះបើតាមប្រមុខបក្សសភារបស់ប្រធានាធិបតីអ៊ុយក្រែន និងជាប្រធានអ្នកចរចានៅឯកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល លោក David Arakhamia បានលើកឡើងកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Arakhamia ដែលជាប្រធានក្រុមសភា “គាំទ្រនយោបាយអឺរ៉ុប” បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍ 1+1 ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានផ្តល់កិច្ចព្រមព្រៀងសន្តិភាពដល់ទីក្រុងគៀវកាលពីខែមីនាឆ្នាំ ២០២២ ប៉ុន្តែភាគីអ៊ុយក្រែនមិនជឿទុកចិត្តលើប្រទេសរុស្ស៊ីទេ។

លោក Arakhamia បាននិយាយថា “គោលដៅរបស់រុស្ស៊ីគឺដាក់សម្ពាធមកលើយើង ដើម្បីឲ្យយើងមានអព្យាក្រឹតភាព។ នេះជារឿងសំខាន់សម្រាប់ពួកគេ៖ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់សង្រ្គាម ប្រសិនបើយើងទទួលយកអព្យាក្រឹតភាព ដូចហ្វាំងឡង់ធ្លាប់ធ្វើ ហើយ​យើង​នឹង​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ថា​យើង​នឹង​មិន​ចូល​រួម​ជា​មួយ​ណាតូ។ នេះ​ជា​រឿង​សំខាន់»។

លោក Arakhamia បានពន្យល់ប្រាប់ 1+1ថា ទោះជាយ៉ាងណាក៏ដោយ ការយល់ព្រមលើអព្យាក្រឹតភាព និងការបោះបង់សមាជិកភាពណាតូ តម្រូវឲ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន។ “ទីពីរ គ្មានការជឿជាក់លើជនជាតិរុស្ស៊ីថាពួកគេនឹងធ្វើបែបនេះនោះទេ។ នេះអាចត្រូវបានធ្វើដោយការធានាសុវត្ថិភាពប៉ុណ្ណោះ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top