ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិអង់គ្លេស ថា រុស្ស៊ី ប្រឈមមុខ នឹងការស្លាប់និងរបួសច្រើន ពីការវាយប្រហារផ្លោង ពីជួរក្រោយរបស់អ៊ុយក្រែន

រូបភាពពី៖​ VOA News

បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រក្នុងការធ្វើបច្ចុប្បន្នភាពការស៊ើបការណ៍ប្រចាំថ្ងៃរបស់ខ្លួនអំពីសង្គ្រាមថា ប្រទេសរុស្ស៊ីនៅតែបន្តប្រឈមមុខនឹង “ការស្លាប់និងរបួសយ៉ាងច្រើនពីការវាយប្រហារដ៏ជាក់លាក់រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននៅពីក្រោយជួរមុខ” ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមក្រសួងអង់គ្លេសថា នៅថ្ងៃទី ១០ ខែវិច្ឆិកា ទាហានរុស្ស៊ីជាង ៧០នាក់ប្រហែលជាបានស្លាប់នៅក្នុងការវាយប្រហារលើក្បួនរថយន្តមួយនៅចម្ងាយ ២៣ គីឡូម៉ែត្រពីខាងក្រោយជួរមុខនៅ Hladkivka ដែលជាភូមិមួយក្នុងសង្កាត់ Kherson ។ បន្ទាប់មក ក្រសួងបានបន្តថា ការវាយប្រហារពីអាកាសនៅថ្ងៃទី ១៩ ខែវិច្ឆិកា លើពិធីប្រគល់រង្វាន់ ឬការប្រគុំតន្ត្រីនៅ Kumachove ចម្ងាយ ៦០ គីឡូម៉ែត្រពីក្រោយខ្សែបន្ទាត់ប្រយុទ្ធ ប្រហែលជាបណ្តាលឱ្យ “រាប់សិបនាក់” ស្លាប់និងរបួស ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនក៏បានទទួលរងនូវការខូចខាតស្រដៀងគ្នានេះ ការធ្វើបច្ចុប្បន្នភាពបានឱ្យដឹងថា មីស៊ីលរុស្ស៊ីបានសម្លាប់សមាជិក ១៩ នាក់នៃកងពលតូចអ៊ុយក្រែននៅក្នុងពិធីមេដាយមួយកាលពីថ្ងៃទី៣ ខែវិច្ឆិកា។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ និងទាហានអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីដែលបានទម្លាក់គ្រាប់បែកលើទីក្រុង Avdiivka ភាគខាងកើតអស់រយៈពេលជាច្រើនសប្តាហ៍ ឥឡូវនេះកំពុងបញ្ជូនកងទ័ពឆ្ពោះទៅកាន់កន្លែងដែលត្រូវបានបំផ្លាញ ប៉ុន្តែមានសារៈសំខាន់ជាយុទ្ធសាស្ត្រនៅភាគខាងកើតអ៊ុយក្រែន ហើយកំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top