ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ជើង បញ្ជាក់ថា ​នឹង​ស្តារ​វិធានការ​យោធា ​នៅ​ជិត​បន្ទាត់​ព្រំដែន ជាមួយកូរ៉េខាងត្បូង ឡើងវិញ

រូបភាពពី៖​ XINHUA

ប្រែសម្រួល ឈូក បូរ៉ា
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួននឹង “ស្តារឡើងវិញនូវរាល់វិធានការយោធា” នៅជិតខ្សែព្រំដែនយោធារវាងកូរ៉េទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការបន្តសកម្មភាពឈ្លបយកការណ៍ និងការឃ្លាំមើលរបស់ទីក្រុងសេអ៊ូល បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មដោយទីក្រុងព្យុងយ៉ាង។

យោធាកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃដដែល ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុនកាលពីល្ងាចថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះហាក់ដូចជាបរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រសួងការពារជាតិកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះ “នឹងស្តារឡើងវិញភ្លាមៗនូវវិធានការយោធាទាំងអស់” ដែលត្រូវបានបញ្ឈប់បន្ទាប់ពីកិច្ចព្រមព្រៀងឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ។

មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ដើម្បីបន្ធូរបន្ថយភាពតានតឹងទ្វេភាគី ក្រសួងបានឲ្យដឹងថា កងទ័ពរបស់ប្រទេសនេះ “នឹងមិនជាប់ព្រំដែន”សារតែកិច្ចព្រមព្រៀងមួយនេះទៀតនោះទេ។

មីស៊ីល​ផ្លោង​ចុង​ក្រោយ​បំផុត​ត្រូវ​បាន​បាញ់​ចេញពី​តំបន់ស៊ូណាន នៃ​ទីក្រុង​ព្យុងយ៉ាង ​នៅ​ប្រហែល​ម៉ោង ១១ យប់ នេះ​បើ​តាម​យោធា​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ។ ព័ត៌មានលម្អិតបន្ថែម ដូចជាចម្ងាយដែលគ្រាប់ផ្លោងហោះ នៅតែមិនទាន់ដឹងនៅឡើយ។

កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានបង្ហោះផ្កាយរណបឈ្លបយកការណ៍ Malligyong-1 ដោយជោគជ័យទៅកាន់គន្លងតារាវិថីកាលពីល្ងាចថ្ងៃអង្គារ នៅលើគ្រាប់រ៉ុក្កែត Chollima-1 ហើយថាវានឹងចាប់ផ្តើមដំណើរការផ្កាយរណបជាផ្លូវការនៅថ្ងៃទី០១ ខែធ្នូ។

រដ្ឋមន្ត្រីការបរទេសនៃក្រុមសេដ្ឋកិច្ចធំៗទាំង៧ បានរិះគន់កូរ៉េខាងជើងដោយ​ថា ទោះបីជាវាត្រូវបានកំណត់ថាជាផ្កាយរណបក៏ដោយ ការបាញ់បង្ហោះដោយទីក្រុងព្យុងយ៉ាង ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

To Top