គែរ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើរណេតជាមួយលោក Valdis Dombrovskis អនុប្រធានគណៈកម្មការអឺរ៉ុប ដើម្បីពិភាក្សាអំពីការបិទព្រំដែនអ៊ុយក្រែនជាមួយប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប ហៅកាត់ (EU) ។
លោក Shmyhal បានសរសេរនៅលើបណ្តាញសង្គម Facebook ថា អ៊ុយក្រែន បានគូសបញ្ជាក់ពីសំណើរបស់ខ្លួន លើបញ្ហានេះទៅកាន់សហភាពអឺរ៉ុប ហើយកំពុងពឹងផ្អែកលើជំនួយ របស់គណៈកម្មការអឺរ៉ុបក្នុងការដោះស្រាយបញ្ហា ។
លោក Shmyhal បានថ្លែងថា អ៊ុយក្រែនក៏កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនូវផ្លូវដឹកជញ្ជូនជំនួសសម្រាប់ការនាំចេញ និងការនាំចូលរបស់ខ្លួន ។
គិតចាប់តាំងពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងមកនេះ ក្រុមហ៊ុនដឹកជញ្ជូនប៉ូឡូញ បានធ្វើការតវ៉ានៅប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន នៅតាមព្រំដែនអ៊ុយក្រែន ដោយទាមទារឱ្យមានការវិលត្រឡប់ នៃរបបអនុញ្ញាត សម្រាប់អ្នកដឹកជញ្ជូនអ៊ុយក្រែន ដែលឆ្លងកាត់ចូលទៅក្នុងសហភាពអឺរ៉ុប ។
គេបានដឹងថា ក្រុមអ្នកតវ៉ា បានបិទផ្លូវនៅជិតចំណុចឆ្លងកាត់ ដែលបណ្តាលឱ្យមានការតម្រង់ ជួរយ៉ាងធំ ជាមួយនឹងរថយន្តដឹកទំនិញ រាប់ពាន់គ្រឿងត្រូវបានជាប់គាំងនៅព្រំដែន ។
នៅព្រឹកថ្ងៃដដែលនេះដែរ អ៊ុយក្រែនបានផ្ញើកំណត់សម្គាល់ផ្លូវការមួយ ទៅកាន់ក្រសួងការបរទេសប៉ូឡូញ ទាមទារឱ្យមានការបិទព្រំដែនជាបន្ទាន់ បន្ទាប់ពីអ្នកបើកបរឡានដឹកទំនិញអ៊ុយក្រែន២នាក់ បានស្លាប់នៅក្នុងពេលនោះ ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា សកម្មជនស្លូវ៉ាគី ដែលស្វែងរកការប្រគល់ការ អនុញ្ញាតសម្រាប់អ្នកបើកបរអ៊ុយក្រែន បានចូលរួមក្នុងការតវ៉ាដោយបិទច្រកព្រំដែនដ៏សំខាន់ មួយរវាងស្លូវ៉ាគី និងអ៊ុយក្រែន ផងដែរ ។
សហភាពអឺរ៉ុប បានលុបចោលការអនុញ្ញាតសម្រាប់អ្នកដឹកជញ្ជូនអ៊ុយក្រែនកាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា