គែរ៖ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអេហ្ស៊ីបបានថ្លែងថា ជំនួយមនុស្សធម៌ប្រហែល១២.០០០តោន ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា ស្រ្ទីបតាមរយៈផ្លូវឆ្លងកាត់ច្រក Rafah ដែលជាចំណុចតភ្ជាប់តែមួយគត់ រវាងប្រទេសអេហ្ស៊ីប និងតំបន់ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ ។
លោក Abdel-Fattah al-Sisi បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដើម្បីគាំទ្រដល់ប្រទេសប៉ាឡេស្ទីន ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Cairo International Stadium ថា “ជំនួយសង្គ្រោះជិត១២.០០០តោន ដែលដឹកជញ្ជូនដោយរថយន្តចំនួន ១.៣០០គ្រឿង ត្រូវបានផ្ទេរទៅតំបន់ហ្គាហ្សា តាមរយៈផ្លូវច្រក Rafah” ។
លោកបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ El-Arish ដែលស្ថិតនៅភាគខាងជើង នៃក្រុង Sinai របស់ប្រទេសអេហ្ស៊ីប បានទទួលជើងហោះហើរ ចំនួន១៥៨ដែលផ្ទុកដោយសម្ភារៈសង្គ្រោះ ។ ដោយបានបន្ថែមថា អេហ្ស៊ីបបានបរិច្ចាគ៧០ភាគរយ នៃជំនួយសរុបដែលបានបញ្ជូនទៅតំបន់ហ្គាហ្សា ។
ប្រធានាធិបតីអេហ្ស៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការសម្រេចចិត្តរបស់អេហ្ស៊ីប ក្នុងការរក្សាច្រកព្រំដែន Rafah បើកចំហសម្រាប់ការផ្តល់អាហារ ជំនួយផ្នែកវេជ្ជសាស្រ្ត និងប្រេងឥន្ធនៈទៅកាន់តំបន់ហ្គាហ្សា និងសម្រាប់ការទទួលអ្នករបួស ពីតំបន់ដែលហែកហួរដោយសង្គ្រាម ។
លោកបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អេហ្ស៊ីប សហរដ្ឋអាមេរិក និងប្រទេសកាតា ក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល បានឈានដល់បទ ឈប់បាញ់មនុស្សធម៌រយៈពេល៤ថ្ងៃ ដែលអាចបន្ត ។
ទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល ក៏ដូចជាប្រទេសកាតា និង អេហ្ស៊ីប បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា បទឈប់បាញ់នឹងចូលជាធរមាន នៅក្នុងរង្វង់ព្រឹកថ្ងៃសុក្រ ដែលពោរពេញដោយសង្រ្គាមកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា