បរទេស ៖ យោងតាមការ ចេញផ្សាយដោយ RT បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន ហាម៉ាសបានដោះលែង ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ជាលើកដំបូង កាលពីថ្ងៃសុក្រម្សិលមិញ។
ការដកស្រង់ចេញពីកាសែត Times of Israel បានរាយការណ៍ថា ក្រុមដែលត្រូវបានចាប់ជាឈ្លើយនៅហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលា បានឆ្លងផុតពីហ្គាហ្សា ចូលទៅក្នុងប្រទេស អេហ្ស៊ីបរួចហើយ។
ការដោះលែងចំណាប់ខ្មាំង ទាំង១៣នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានត្រួតពិនិត្យ ដោយបុគ្គលិកមកពីគណៈកម្មាធិការ អន្តរជាតិ នៃកាកបាទក្រហមឬ ហៅកាត់ថាICRC ។ រថយន្តសង្គ្រោះរបស់អង្គការ ត្រូវបានគេនិយាយថា បានដឹកក្រុមឈ្លើយសឹកពី Khan Younis នៅភាគខាងត្បូងហ្គាហ្សាទៅកាន់ Rafah ឆ្លងកាត់ព្រំដែនអេហ្ស៊ីប ។
គួរឲ្យដឹងដែរថាខ្សែវីដេអូ ដែលមិនទាន់បានផ្ទៀងផ្ទាត់ឡើយនោះ ត្រូវបានចែករំលែកតាមអ៊ីនធឺណិត ដើម្បីបង្ហាញក្បួនរថយន្តសង្គ្រោះដែលដឹកចំណាប់ខ្មាំង។ អ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងឆ្លើយតបនឹងការដោះលែងអ្នកទោស ប៉ាឡេស្ទីននៅថ្ងៃដដែល៕
ប្រែសម្រួល៖ស៊ុនលី