បរទេស ៖ សារព័ត៌មាន Financial Times បានរាយការណ៍ កាលពីថ្ងៃសុក្រ ម្សិលមិញ ដោយដកស្រង់សម្តី របស់មន្ត្រីម្នាក់របស់ទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ របស់អ៊ីស្រាអែល ថាអ៊ីស្រាអ៊ែលបានទទួល របាយការណ៍លម្អិតមួយ ស្តីពីការវាយប្រហារ ដែលនឹងកើតឡើង ដោយក្រុមហាម៉ាស ភ្លាមៗ មុនពេលការវាយប្រហារ ពិតប្រាកដរបស់ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីននៅថ្ងៃទី៧ខែតុលា ។
ប្រភពដដែលបាន និយាយថា ការព្រមានដែលធ្វើឡើង ដោយទាហានតាមព្រំដែន ដែលភាគច្រើន នៃពួកគេជាទាហានស្រី តាមរយៈខ្សែទំនាក់ទំនង ដែលមានសុវត្ថិភាព ទៅកាន់មន្ត្រីចារកម្មលំដាប់ខ្ពស់បំផុត នៅក្នុងបញ្ជាការភាគខាងត្បូង ពីរបីសប្តាហ៍មុនពេលការវាយប្រហារនេះ។
របាយការណ៍នេះ មានការព្រមានជាក់លាក់ លើការវាយលុក ដែលកំពុងកើតមាន ពោល គឺផែនការរបស់ក្រុមហាម៉ាស់ ក្នុងការរំលោភព្រំដែន នៅតាមចំណុចជាច្រើន ចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងដណ្តើមយកការតាំងទីលំនៅក្នុងស្រុក។
ការវាយតម្លៃនេះគឺ ផ្អែកលើការស៊ើបការណ៍សម្ងាត់ ដែលរួមបញ្ចូលវីដេអូនៃក្រុមសកម្មប្រយុទ្ធ ហាម៉ាស ក្នុងការបណ្តុះបណ្តាល។ ទោះជាយ៉ាងនេះក្តី មន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ដែលបាន ទទួលរបាយការណ៍នោះ បានច្រានចោលការវាយតម្លៃនេះថា ជាសេណារីយ៉ូស្រមើស្រមៃហើយមិន មានចំណាត់ការអ្វីឡើយ៕
ប្រែសម្រួល៖ស៊ុនលី
