សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចូលរួមប្រារព្ធកម្មវិធី “យុគសម័យថ្មីនៃថាមពលអវកាស” ជាមួយអ្នកវិទ្យាសាស្ត្រ និងក្រុមគ្រួសាររបស់គាត់ ក្រោយពីកូរ៉េខាងជើង បានបង្ហោះផ្កាយរណបចារកម្មយោធាដោយជោគជ័យទៅកាន់គន្លងតារាវិថី ។
ការបាញ់បង្ហោះមីស៊ីល Malligyong-1 របស់ក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ គឺជាការប៉ុនប៉ងលើកទី៣របស់ខ្លួនក្នុងការធានាដល់ចក្ខុវិស័យយោធានៅលើដែនអាកាស បន្ទាប់ពីបានបរាជ័យក្នុងខែឧសភា និងសីហា ។
ក្នុងរយៈពេលប៉ុន្មានម៉ោង នៃការបាញ់បង្ហោះនេះដែរ កូរ៉េខាងជើងបានអះអាងថា មេដឹកនាំរបស់ខ្លួនកំពុងពិនិត្យមើលរូបភាព នៃមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅកោះ Guam រួចហើយដែរ ។
ការបាញ់បង្ហោះនេះគឺជា “ការអនុវត្តពេញលេញនៃសិទ្ធិការពារស្វ័យការពារ” លោក គីម បានថ្លែងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីភ្នាក់ងារអវកាសជាតិ យ៉ាងដូច្នេះ ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានចុះផ្សាយដូច្នេះ ។
ផ្កាយរណបចារកម្មនេះនឹងជួយការពារដល់ប្រទេសកូរ៉េខាងជើងពី “ចលនាដ៏គ្រោះថ្នាក់ និងការឈ្លានពានរបស់កងកម្លាំងអរិភាព” ដោយលោកបានថ្លែងទៀតថា វាបានត្រួសត្រាយផ្លូវដល់ “យុគសម័យថ្មីនៃថាមពលអវកាស” ចូលមកដល់ប្រទេសយើងនេះ ។
កូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់បង្ហោះនេះទទួលបានជោគជ័យ ប៉ុន្តែបានលើកឡើងថា វាលឿនពេកក្នុងការកំណត់ថាតើ ផ្កាយរណបនេះ ដំណើរការដូចជាការអះអាងដោយកូរ៉េខាងជើងដែរឬទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា