គុយវ៉ែតស៊ីធី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាល របស់ប្រទេសគុយវ៉ែត បានប្រកាសកាលពីថ្ងៃសុក្រ ពីការត្រៀមខ្លួនរបស់មន្ទីរពេទ្យ និងវិស័យផ្សេងៗ នៅក្នុងការទទួលយកជនជាតិប៉ាឡេស្ទីន ដែលបានរងរបួសចេញពីតំបន់ហ្គាហ្សាស្ទ្រីប សម្រាប់ធ្វើការព្យាបាល ។
ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្លួនកំពុង “បន្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ ពាក់ព័ន្ធនៅក្នុងប្រទេសគុយវ៉ែត ដើម្បីទទួលបានអ្នករបួស ពីបងប្អូនប៉ាឡេស្ទីនរបស់យើង” ដោយបានកត់សម្គាល់ថា “នឹងផ្តល់ការថែទាំសុខភាព ដល់អ្នករបួសទៅតាមស្ថានភាពផ្សេងៗគ្នា” ។
នៅក្នុងសេចក្តីថ្លែងការណ៍បានបង្ហាញឲ្យដឹងថា ទង្វើនេះតំណាងឱ្យជំហររបស់ប្រទេសគុយវ៉ែត ទាំងរដ្ឋាភិបាល និងប្រជាជនរបស់ខ្លួនលើបញ្ហាប៉ាឡេស្ទីន ។
ប្រទេសគុយវ៉ែត បានដំណើរការជើងហោះហើរ ទៅកាន់អាកាសយានដ្ឋាន Al-Arish របស់អេហ្ស៊ីប នៅក្នុងខេត្តស៊ីណៃ ខាងជើង របស់ខ្លួនចាប់ តាំងពីថ្ងៃទី២៣ ខែតុលា ដើម្បីដឹកជញ្ជូនជំនួយទៅកាន់ តំបន់ហ្គាហ្សាស្ទ្រីប ដែលបានដឹកអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យ តង់ និងរថយន្តសង្គ្រោះ ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានផ្លូវការ របស់គុយវ៉ែតបានផ្សាយដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា