សិង្ហបុរី៖ ប្រភពពីទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រសួងការបរទេសសិង្ហបុរី ហៅកាត់ថា (MFA) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសសិង្ហបុរីបានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ ។
គួររំលឹកថា កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយដែលគេជឿថា បាននាំយកតាមអ្វីដែលគេហៅថា ផ្កាយរណបចារកម្មចេញពីទីតាំង Sohae របស់ខ្លួននៅឆ្នេរខាងលិច ។
ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 របស់ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿថា បានចូលទៅក្នុងគន្លងតារាវិថីប្រហែល១២នាទីបន្ទាប់ពីការហោះឡើង ដោយយោធារបស់ប្រទេសកូរ៉េខាងត្បូងបានទទួលស្គាល់ភាពជោគជ័យនៃការបាញ់បង្ហោះនៅថ្ងៃបន្ទាប់ ។
ក្រសួង MFA បានឲ្យដឹងថា ការបាញ់បង្ហោះនេះ “បំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើង ពីការបាញ់បង្ហោះណាមួយ ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង” ។
“ការបង្កហេតុចុងក្រោយនេះដោយប្រទេសកូរ៉េខាងជើង បានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់” ។
ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ក៏បានរិះគន់ទៅលើការបាញ់បង្ហោះនេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា