ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែល បានទទួលកាលពីយប់ថ្ងៃសៅរ៍ នូវចំណាប់ខ្មាំងក្រុមទីពីរ ដែលត្រូវបានដោះលែងពីតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការពន្យារពេលជាង ៧ម៉ោង។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសរសេរនៅក្នុងការបង្ហោះនៅលើគណនី X របស់ខ្លួនថា ចំណាប់ខ្មាំង ១៧ នាក់ រួមទាំងជនជាតិអ៊ីស្រាអែល ១៣ នាក់ និងថៃ ៤ នាក់ ត្រូវបានដោះលែងកាលពីយប់ថ្ងៃសៅរ៍។
ចំណាប់ខ្មាំងនឹងឆ្លងកាត់ការត្រួតពិនិត្យបឋម មុនពេលត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យដោយកងកម្លាំងសន្តិសុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មនុស្ស១៧នាក់នេះ គឺជាចំណាប់ខ្មាំងក្រុមទី២ ដែលបញ្ជូនទៅអ៊ីស្រាអែលវិញ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។ ការដោះដូរនេះត្រូវបានគ្រោងនឹងធ្វើឡើង នៅប្រហែលម៉ោង ៤ រសៀលម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនម៉ោង បន្ទាប់ពីក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា មិនបានបំពេញតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងបទឈប់បាញ់មនុស្សធម៌រយៈពេល ៤ថ្ងៃ ដែលត្រូវបានព្រមព្រៀងដោយភាគីទាំងពីរកាលពីថ្ងៃពុធ បន្ទាប់ពីជាងប្រាំមួយ សប្តាហ៍នៃជម្លោះបង្ហូរឈាម ៕
ប្រែសម្រួល ឈូក បូរ៉ា