រ៉ាម៉ាឡា៖ យោងតាមប្រភពពីប៉ាឡេស្ទីន បានឲ្យដឹងថា វេជ្ជបណ្ឌិតជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀត បានរងរបួស ដោយកងទ័ពអ៊ីស្រាអែលនៅ Jenin ក្នុងទីក្រុងវេសបែង ដែលកាន់កាប់ដោយ អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍។
វេជ្ជបណ្ឌិតអាយុ ២៥ឆ្នាំឈ្មោះ Shami Abu al-Rab ត្រូវបានបាញ់ ចំពោះពេលចាកចេញពីផ្ទះ ជាមួយបងប្រុសរបស់លោក ដែលរួមជាមួយនឹងបុរសម្នាក់ទៀត បានរងរបួសដោយកងទ័ពអ៊ីស្រាអែល ចំពេលមានការបាញ់ប្រហារនៅទីក្រុង Qabatiya ភាគខាងត្បូងនៃទីក្រុង Jenin នេះបើតាមប្រភពក្នុងស្រុក និងសាក្សី។
ប្រភពបានឲ្យដឹងថា ការប៉ះទង្គិចគ្នា បានកើតឡើងក្នុងទីក្រុង Qabatiya បន្ទាប់ពីកងកម្លាំងពិសេសរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលទីប្រជុំជន និងឡោមព័ទ្ធផ្ទះលំនៅឋានមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
អាជ្ញាធរប៉ាឡេស្ទីនបានរាយការណ៍ថា ចំនួនអ្នកស្លាប់និងរបួសរបស់ប៉ាឡេស្ទីន ដោយសារតែការបាញ់ប្រហារ របស់អ៊ីស្រាអែល នៅតំបន់ផ្សេងៗ នៃតំបន់វេសបែង បានកើនឡើងដល់ ២៣០ នាក់ចាប់តាំងពីជម្លោះក្រុមហាម៉ាស និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា៕
ប្រែសម្រួល ឈូក បូរ៉ា