បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើន រួមទាំង Air China, China Eastern និង Shanghai Airlines បានលុបចោលជើងហោះហើរទៅកាន់ប្រទេសថៃសម្រាប់ខែធ្នូ និងខែមករា ដោយសារការកក់សំបុត្រតិចជាងការរំពឹងទុក។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Suttipong Kongpool អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១០ បានជូនដំណឹងអំពីការលុបចោលជើងហោះហើរ មកកាន់ប្រទេសថៃចាប់ពីខែក្រោយដល់ខែមករាឆ្នាំ ២០២៤ ។
ដើមឡើយ ជើងហោះហើរចំនួន ១០.៩៣៩ ត្រូវបានកំណត់ពេលសម្រាប់ខែធ្នូ ប៉ុន្តែមានតែ ៥.៨៥៨ ប៉ុណ្ណោះដែលត្រូវបានបញ្ជាក់ ដែលបង្ហាញពីការថយចុះ ៤៦ភាគរយ ។
សម្រាប់ខែមករា ឆ្នាំ ២០២៤ ក្នុងចំណោមជើងហោះហើរ ១០.៩៨៤ ដែលបានគ្រោងទុកដំបូង ការបញ្ជាក់ចុងក្រោយមានជើងហោះហើរចំនួន ៧.៤២០ ដែលបណ្តាលឱ្យមានការធ្លាក់ចុះ ៣២ភាគរយ។
លោក Piyasawat Amranand នាយកប្រតិបត្តិនៃផែនការស្តារធុរកិច្ចរបស់ Thai Airways International បានសន្មតថា ការលុបចោលនេះដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន និងគោលនយោបាយក្នុងការជំរុញទេសចរណ៍ក្នុងស្រុក។
លោកក៏បាននិយាយផងដែរថា គំនិតផ្តួចផ្តើមដូចជាការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដល់ជនជាតិចិន មិនបានបណ្តាលឱ្យមានលំហូរនៃភ្ញៀវទេសចរច្រើនចូលមកប្រទេសថៃនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា