គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា មនុស្សយ៉ាងតិចបំផុត ចំនួន៥នាក់បានស្លាប់ និង១៩នាក់រងរបួស ដោយសារខ្យល់ព្យុះដ៏ខ្លាំងមួយ បានបោកបក់មក លើតំបន់ភាគខាងត្បូង នៃប្រទេសនៅតំបន់ Odesa ។
អាជ្ញាធរបានឲ្យដឹងថា ព្យុះព្រិលដ៏ខ្លាំងក្លាមួយ បានបោកបក់មកលើប្រទេសអ៊ុយក្រែន ពេញមួយយប់កាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យមានការ រំខានដល់ការធ្វើចរាចរណ៍ និងដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ចំនួន១៧ ។
ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ប្រទេសនេះថា ការតាំងទីលំនៅជាង១.៥០០កន្លែង ត្រូវបានទុកចោលដោយគ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលខ្យល់ខ្លាំងបានបំផ្លាញបណ្តាញអគ្គិសនី ។
ក្រសួងបានឲ្យដឹងថា តំបន់ Odesa ស្ថិតនៅភាគខាងត្បូង និងតំបន់ Mykolaiv តំបន់ Dnipropetrovsk កណ្តាល និងតំបន់ភាគខាងជើងនៃក្រុង គៀវ ត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតដោយខ្យល់ព្យុះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា