ព័ត៌មានអន្តរជាតិ

Update៖ ប្រទេសកាតា និងក្រុមហាម៉ាស់ យល់ព្រមបន្តបទឈប់បាញ់គ្នា រយៈពេល២ថ្ងៃទៀត

Xinhua

ដូហា/ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រទេសកាតាបានប្រកាសកាលពីថ្ងៃចន្ទថាអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានយល់ព្រមបន្តបទឈប់បាញ់ មនុស្សធម៌នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប សម្រាប់រយៈពេល២ថ្ងៃបន្ថែមទៀត ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសកាតា អ្នកនាំពាក្យក្រសួងការ បរទេសកាតា Majed Al Ansari បានលើកឡើងថា ប្រទេសរបស់លោកសង្ឃឹមថា “ការផ្អាកមនុស្សធម៌នឹងនាំឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សា និងការបញ្ចប់ការសម្លាប់ជនស៊ីវិល” ។

ការបន្តបទឈប់បាញ់ ក៏ត្រូវបានបញ្ជាក់ ដោយក្រុមហាម៉ាស់ផងដែរ។ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ដែលកំពុងគ្រប់គ្រង តំបន់ហ្គាហ្សាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារ Xinhua ថា បទឈប់បាញ់បណ្តោះអាសន្ននឹងត្រូវបន្តរយៈពេល២ថ្ងៃទៀត “ក្រោមលក្ខខណ្ឌដូចគ្នានឹងបានរាយក្នុងកិច្ចព្រមព្រៀងមុន” ។

សម្រុះសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និង សហរដ្ឋអាមេរិក អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀង ឈប់បាញ់រយៈពេលបួនថ្ងៃ កាលពីសប្តាហ៍មុន ដែលនាំឱ្យមានការបញ្ឈប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា ជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន និងការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអ៊ែល ចំនួន៥០នាក់ដែលឃុំខ្លួនដោយ ហាម៉ាស់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល១៥០នាក់ ចេញពីពន្ធនាគារ របស់ប្រទេសអ៊ីស្រាអ៊ែល ។

កិច្ចព្រមព្រៀងបទឈប់បាញ់ដំបូង បានចូលជាធរមាននៅថ្ងៃសុក្រ ហើយគ្រោងនឹងផុតកំណត់នៅថ្ងៃអង្គារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top