គៀវ ៖ សេវាកម្មសារព័ត៌មាន របស់ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និងអ៊ីតាលី បានចាប់ផ្តើមការពិគ្រោះយោបល់ ស្តីពីការផ្តល់ការធានាសន្តិសុខ សម្រាប់ទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខ ចំពោះអ៊ុយក្រែនដោយប្រទេសអ៊ីតាលី នឹងផ្អែកលើសេចក្តីប្រកាសរួមនៃការគាំទ្រ សម្រាប់អ៊ុយក្រែន ដែលត្រូវបានអនុម័តដោយក្រុម៧ (G7) នៅក្នុងខែកក្កដា។
លោក Ihor Zhovkva អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា ការផ្តល់ការប្តេជ្ញាចិត្តនឹង ក្លាយជាជំហាន ដ៏សំខាន់មួយឆ្ពោះទៅរកសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជុំទីមួយ ភាគីបានពិភាក្សាអំពីវិធីសាស្រ្តនៃខ្លឹមសារ និងទម្រង់នៃកិច្ចព្រមព្រៀងទ្វេភាគីនាពេលអនាគត ហើយបានយល់ព្រមលើកាលវិភាគ សម្រាប់ការទំនាក់ទំនងបន្ថែមទៀត។
លោក Ihor ដែលបានដឹកនាំក្រុមចរចារបស់អ៊ុយក្រែនផងដែរបានឲ្យដឹងថា ក្រុងកៀវបានចាប់ផ្តើមការចរចាទ្វេភាគីរួចហើយអំពីការធានាសន្តិសុខជាមួយប្រទេស G7 ទាំងអស់។
សេចក្តីថ្លែងការណ៍រួមនៃការគាំទ្រសម្រាប់អ៊ុយក្រែន គឺជាឯកសារក្របខ័ណ្ឌមួយ ស្តីពីការប្តេជ្ញាចិត្តសន្តិសុខរយៈពេលវែង សម្រាប់ទីក្រុងគៀវ ដែលត្រូវបានអនុម័តដោយប្រទេស G7 នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅប្រទេសលីទុយអានី កាលពីខែកក្កដា៕
ប្រែសម្រួល ឈូក បូរ៉ា