វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបណ្ដាញលាងលុយលោក Sinbad ដោយថាលោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលាងលុយដោយក្រុមដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នាយកដ្ឋានរតនាគារបានឲ្យដឹងថា លោក Sinbad បានដំណើរការរូបិយប័ណ្ណនិម្មិត ដែលមានតម្លៃរាប់លានដុល្លារ ដែលត្រូវបានលួចដោយ Lazarus Group ដែលជាអង្គការហេកឃ័ររបស់កូរ៉េខាងជើង ដែលឧបត្ថម្ភដោយរដ្ឋ។
ការដាក់ទណ្ឌកម្មមានន័យថាទ្រព្យសម្បត្តិលោក Sinbad ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានបង្កក ហើយបុគ្គល ដែលចូលរួមក្នុងប្រតិបត្តិការជាក់លាក់ជាមួយឧបករណ៍លាងលុយអាចនឹងត្រូវទទួលរងនូវវិធានការនេះបើយោងតាមនាយកដ្ឋាន។
ប្រភពបានឲ្យដឹងថាការចូលរួមរបស់លោក Sinbad បានរួមបញ្ចូលការបម្រើជាឧបករណ៍មួយ សម្រាប់ក្រុម Lazarus ដើម្បីបោកគក់ផ្នែកសំខាន់នៃរូបិយប័ណ្ណគ្រីបតូ ដែលមានតម្លៃ ៦២០ លានដុល្លារ ដែលក្រុមដែលភ្ជាប់ដោយកូរ៉េខាងជើង បានលួចពីហ្គេមអនឡាញ Axie Infinity ក្នុងខែមីនា ឆ្នាំ២០២២។
លោក Sinbad ត្រូវបានគេជឿថា ជាអ្នកស្នងតំណែងរបស់ Blender ដែលជាឧបករណ៍លាងលុយនិម្មិត ដែលត្រូវបានគោលដៅដោយសហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំមុនសម្រាប់ការផ្តល់សេវាកម្មស្រដៀងគ្នាទៅនឹងក្រុម Lazarus ។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់វិធានការទាំងអស់នៅក្នុងការចាត់ចែងរបស់យើង ដើម្បីរំខានដល់សកម្មភាពខុសច្បាប់ របស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ” ៕ ប្រែសម្រួល ឈូក បូរ៉ា