យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងថា ក្រុមហាម៉ាស់បាន ដោះលែងចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអ៊ែលចំនួន៦នាក់ បន្ថែមទៀត ពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ថែមពីលើចំណាប់ខ្មាំងស្ត្រី២នាក់ ដែលត្រូវបានដោះលែងនៅមុនថ្ងៃនោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ IDF បានឲ្យដឹងថា តំណាងនៃគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ហៅកាត់(ICRC) បានផ្ទេរចំណាប់ខ្មាំងទាំង៦នាក់ ទៅកាន់ប្រទេសអេហ្ស៊ីប ។ ពួកគេបានទៅដល់ចំណុច ជួបជាមួយទាហានអ៊ីស្រាអ៊ែល នៅ Kerem Shalom ដែលជាច្រកឆ្លងកាត់ព្រំដែនដែលតភ្ជាប់ ហ្គាហ្សា ទៅអេហ្ស៊ីប និងអ៊ីស្រាអ៊ែល។
កងកម្លាំង IDF បានឲ្យដឹងថា ពីទីនោះ ចំណាប់ខ្មាំងនឹងឆ្លងកាត់ការវាយតម្លៃផ្នែកវេជ្ជសាស្ត្រដំបូងនៅមូលដ្ឋាន Hatzerim នៅភាគខាងត្បូងប្រទេស អ៊ីស្រាអ៊ែល នៅមុនពេលត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ ជាកន្លែងដែលពួកគេនឹង ត្រូវជួបជុំជាមួយគ្រួសារ របស់ពួកគេឡើងវិញ ។
គួរបញ្ជាក់ថា ចំណាប់ខ្មាំងទាំង ប្រាំបីនាក់ គឺជាក្រុមចុងក្រោយ ដែលត្រូវបានដោះលែង ក្រោមបទឈប់បាញ់រយៈពេល ៤ថ្ងៃបណ្តោះអាសន្នរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រមុន និងត្រូវបានបន្តរយៈពេល៣ថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា