បរទេស៖ សហរដ្ឋអាមេរិក គ្រោង នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហការជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឃោសនាមិនពិត និងព័ត៌មានក្លែងក្លាយ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា MoU នេះវានឹងក្លាយជាកិច្ចព្រមព្រៀងដំបូងដែលទីក្រុងវ៉ាស៊ីនតោន ចុះហត្ថលេខាជាមួយសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន ហើយវាកើតឡើងនៅពេលដែលមន្ត្រី និងសមាជិកសភាអាមេរិក បានចោទប្រកាន់សាធារណរដ្ឋប្រជាមានិតចិនថា បានធ្វើ “យុទ្ធនាការបោកបញ្ឆោតតាមអ៊ីនធឺណិត” ផ្តោតលើសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ប៉ុន្តែត្រូវបានមន្ត្រីចិនច្រានចោលការចោទប្រកាន់នេះ។
លោកស្រី Liz Allen អនុរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការការទូតសាធារណៈ និងកិច្ចការសាធារណៈ នឹងធ្វើដំណើរមកអាស៊ីក្នុងសប្តាហ៍នេះ។ យោងតាមប្រភពការទូតរបស់សហរដ្ឋអាមេរិក និងសហរដ្ឋអាមេរិកបានឱ្យដឹងថា លោកស្រី Allen នឹងចាប់ផ្តើមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង និងជប៉ុន ស្តីពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden , ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានព្រមព្រៀងគ្នា ក្នុងការស្វែងរកមធ្យោបាយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បន្ទាប់ពីមេដឹកនាំទាំងបីបានពិភាក្សាគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំត្រីភាគីលើកដំបូងរបស់ពួកគេនៅឯ Camp David ក្នុងខែសីហា៕ ប្រែសម្រួលៈ ណៃ តុលា