ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវព្យាយាមរៀនសូត្រ កុំដើរលេងច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយ នៅពេលអនាគត ។
ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងក្នុងពិធីបើកបវសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និង ចែករង្វាន់ ដល់សិស្សពូកកែរាជធានីភ្នំពេញ នៅវិទ្យាល័យ ជាស៊ីម ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានរំលឹកដល់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំត្រូវបានលុបចោលទាំងស្រុង ជាមួយនឹងការកាប់សម្លាប់គ្រូបង្រៀននិងអ្នកចេះដឹងអស់ស្ទើរដល់ឬសគល់។
ក្នុងនោះលោក បានលើកឡើងថា “ក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ មករា ១៩៧៩ កម្ពុជា បានបើកបវេសនកាលឡើងវិញ ដោយពេលនោះ កម្ពុជា បានអនុវត្ត គឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ”។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានផ្តាំផ្ញើថា “សូមក្មួយៗសិស្សានុសិស្សទាំងអស់ ព្យាយាមរៀនសូត្រ កុំដើរលេងកម្សាន្ត ច្រើនជាងការរៀនសូត្រនាំឲ្យសោកស្ដាយ នៅពេលអនាគត ខណៈដែលក្មួយៗ មានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យកម្ពុជាមានភាពរីកចម្រើនរុងរឿង ក្លាយជាប្រទេស ដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០” ។
លោកបន្តថា “ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយពេលនេះក្មួយៗ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗ អាចរៀនសូត្រ បានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង”។
លោក ឃួង ស្រេង លើកទឹកចិត្តថា “ការទទួលបានមេដាយរបស់ក្មួយៗ គឺជាកិត្តិយសរបស់ក្មួយៗ កិត្តិយសរបស់អាណាព្យាបាល ឪពុកម្ដាយរបស់ក្មួយៗ ហើយក៏ជាកិត្តិយស របស់ជាតិយើងផងដែរ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ តែងតែជួយគាំទ្រ ទាំងសម្ភារៈនិងថវិកា ជាមួយនឹងការតម្រង់ទិសក្មួយៗ ឲ្យដើរផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយមុខផ្សេងៗ”។
រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នា រវាងសាលារៀន ជាមួយនឹងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាអោយនៅតាមសាលារៀន មានសន្តិសុខល្អ មិនមានគ្រឿងញៀននិងមិនមានក្រុមបងតូចបងធំ ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឬស្សី របស់ជាតិនាពេលអនាគត់។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានជូនរង្វាន់ដល់សិស្សានុសិស្សពូកែ តាមថ្នាក់មានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន ៣,៨៩៤នាក់ ស្រី២,៣៤៨នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ១ចំនួន ១២៩៨នាក់ ស្រី ៨០៥នាក់ ។ ចំណាត់ថ្នាក់លេខ២ ចំនួន ១២៩៨នាក់ចំណាត់ថ្នាក់លេខ៣ ចំនួន ១២៩៨នាក់ ស្រី ៧៧៩នាក់ ស្រី ៧៦៥នាក់៕