យូអិន៖ ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រ បានអនុម័តដំណោះស្រាយពីរដាច់ដោយឡែកពីគ្នាដើម្បីបន្តដាក់ទណ្ឌកម្មលើរបប Al-Shabaab ដែលមានមូលដ្ឋាននៅសូម៉ាលី និងដើម្បីលុបចោល ការហ៊ុមព័ទ្ធអាវុធ លើរដ្ឋាភិបាលសូម៉ាលី។
ដំណោះស្រាយលេខ ២៧១៣ សម្រេចបន្តរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដាក់ទណ្ឌកម្មលើ របប Al-Shabaab រួមទាំងការអនុញ្ញាត សម្រាប់ការរារាំងដែនសមុទ្រ ដើម្បីពង្រឹងការហ៊ុមព័ទ្ធលើការនាំចូលអាវុធខុសច្បាប់ ការហាមឃាត់ការនាំចេញធ្យូង និងការហាមឃាត់ធាតុផ្សំនៃគ្រឿងផ្ទុះ។
ដំណោះស្រាយលេខ ២៧១៣ ក៏សម្រេចចិត្តបន្តអាណត្តិនៃក្រុមអ្នកជំនាញ ដែលជួយដល់គណៈកម្មាធិការដាក់ទណ្ឌកម្ម រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីសម្រេចចិត្តនេះទទួលបានសំឡេងគាំទ្រ ១៤សំឡេងក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ខណៈប្រទេសបារាំង បានជំទាស់។ ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្របានអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយមួយ ដើម្បីលុបចោលការហាមឃាត់អាវុធលើរដ្ឋាភិបាលសូម៉ាលី។
ដំណោះស្រាយលេខ ២៧១៤ អំពាវនាវឱ្យរដ្ឋាភិបាលសូម៉ាលី បន្តអនុវត្តយុទ្ធសាស្រ្តជាតិគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ និងចាត់វិធានការទាំងអស់ ដែលចាំបាច់ដើម្បីធានាថាអាវុធ គ្រាប់រំសេវ និងឧបករណ៍យោធា ដែលនាំចូលសម្រាប់ប្រើប្រាស់ ជាផ្លូវការមិនត្រូវបានលក់បន្ត ផ្ទេរទៅឱ្យ ឬធ្វើឱ្យមានសម្រាប់ប្រើប្រាស់ដោយបុគ្គល ឬអង្គភាពណាមួយ ដែលមិននៅក្នុងសេវាកម្ម របស់រដ្ឋាភិបាលសហព័ន្ធ។
វាអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តផ្តល់ការគាំទ្របន្ថែម ក្នុងការអភិវឌ្ឍសមត្ថភាព គ្រប់គ្រងអាវុធ និងគ្រាប់រំសេវនៅក្នុងប្រទេសសូម៉ាលី និងលើកទឹកចិត្តឱ្យដៃគូសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង របស់ពួកគេ ដើម្បីគាំទ្រប្រទេសសូម៉ាលី ក្នុងការអនុវត្តតម្រូវការ នៃដំណោះស្រាយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា