ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​បន្ត​ការ​វាយ​ប្រហារ​នៅតំបន់​ហ្គាហ្សា ខណៈ​បទ​ឈប់​បាញ់ ​ត្រូវ​ផុត​កំណត់

រូបភាព៖ Xinhua

ហ្គាហ្សា៖ បទឈប់បាញ់មនុស្សធម៌ ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានដួលបញ្ចប់កាលពីថ្ងៃសុក្រ ដោយភាគីជម្លោះបានចោទប្រកាន់គ្នា ទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀង បទឈប់បាញ់។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានឲ្យដឹងថា អ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារ តាមអាកាសដ៏ធំ ដោយផ្តោតលើទីតាំងជាង ២០០ នៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ បានផុតកំណត់នៅម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រ។

ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងកាលពីយប់មិញថា ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីព្រឹកថ្ងៃសុក្រនៅតំបន់ហ្គាហ្សា បានបណ្តាលឱ្យមនុស្ស ១៧៨នាក់ស្លាប់ និង ៥៨៩ នាក់រងរបួស។

លោក Benny Gantz សមាជិកនៃគណៈរដ្ឋមន្ត្រីសម័យសង្គ្រាម របស់នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ វីដេអូមួយ កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល បានធ្វើផែនការក្នុងអំឡុងពេលសប្តាហ៍មុន ដើម្បីពង្រីកការវាយលុករបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងទ័ពបានវាយប្រហារតំបន់ ដែលដាក់ដោយគ្រឿងផ្ទុះ រូងក្រោមដី ដែលប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធ ប៉ុស្តិ៍បាញ់បង្ហោះ និងមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃសុក្របានបន្តបាញ់រ៉ុក្កែត ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។ យោងតាមសេវាសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល បានឱ្យដឹងថា មិនមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ។

ការបែកបាក់នៃបទឈប់បាញ់នេះ ក៏បង្កក្តីបារម្ភដល់ចំណាប់ខ្មាំងប្រហែល ១៤០នាក់ ដែលនៅតែជាប់ជាឈ្លើយនៅហ្គាហ្សា បន្ទាប់ពីជាង ១០០ នាក់ត្រូវបានដោះលែង ក្នុងអំឡុងពេលបទឈប់បាញ់។

កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយកាតា ដែលសម្របសម្រួល ជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបន្តពេញមួយថ្ងៃសុក្រ ដើម្បីបញ្ឈប់ភ្លើង និងដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាមានអរិភាពជាថ្មីក៏ដោយ អ៊ីស្រាអែលសង្ឃឹមថា “យ៉ាងហោចណាស់នឹងបញ្ចប់ដំណាក់កាល នៃការដោះលែងស្ត្រី និងកុមារទាំងអស់ នៅក្នុងកិច្ចព្រមព្រៀង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top