ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ លើ​មូលដ្ឋាន​ទ័ព​អាមេរិក ​ត្រូវបានបន្តឡើងវិញ​ ក្នុង​យុទ្ធនាការ​សងសឹក ​សម្រាប់​តំបន់​ហ្គាហ្សា

រូបភាព៖ Xinhua

ដាម៉ាស់៖ អ្នកឃ្លាំមើលសង្គ្រាមម្នាក់ បានរាយការណ៍ថា គ្រាប់រ៉ុក្កែត បានបន្តវាយប្រហារ លើមូលដ្ឋានយោធាអាមេរិក នៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃ “យុទ្ធនាការសងសឹក សម្រាប់តំបន់ហ្គាហ្សា” ។

យោងតាមក្រុមសង្កេតការណ៍ សិទ្ធិមនុស្ស ស៊ីរី គ្រាប់រ៉ុក្កែត បានវាយប្រហារតំបន់ជុំវិញ មូលដ្ឋានទ័ពអាមេរិក ក្បែរទីក្រុង al-Shaddadi ភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃសុក្រ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមសង្កេតការណ៍បានឲ្យដឹងថា គ្រាប់ផ្លោងនេះត្រូវបានគេជឿថា ត្រូវបានបាញ់ដោយក្រុមតស៊ូអ៊ីស្លាម ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ពីផ្នែកខាងអ៊ីរ៉ាក់នៃព្រំដែនស៊ីរី-អ៊ីរ៉ាក់។

ក្រុមសង្កេតការណ៍បានបន្ថែមថា កាលពីថ្ងៃសុក្រ កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនទាហានបម្រុង ទៅកាន់មូលដ្ឋានយោធា មួយផ្សេងទៀត នៅក្នុងទីប្រជុំជន Kharab al-Jir ហើយលំហូរចូលនៃការពង្រឹងយោធា យ៉ាងសំខាន់ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន ដោយយន្តហោះដឹកទំនិញ របស់សហរដ្ឋអាមេរិក។

មូលដ្ឋាន Kharab al-Jir ត្រូវ​បាន​គេ​ប្រើ​ជា​ស្ថានីយ​ សម្រាប់​ប្រមូល​រថយន្ត​ ចូល​និង​ចេញ​ ពី​ទឹកដី​ស៊ីរី ដោយសារ​វា​នៅ​ជិត​ព្រំដែន​ស៊ីរី-អ៊ីរ៉ាក់។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បាននិឲ្យដឹងថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានបន្តការវាយប្រហារ របស់ពួកគេលើមូលដ្ឋាន ទ័ពអាមេរិកនៅក្នុងទឹកដីស៊ីរី ដែលជាផ្នែកនៃ “យុទ្ធនាការសងសឹក សម្រាប់តំបន់ហ្គាហ្សា”។

ចាប់តាំងពីថ្ងៃទី១៩ ខែតុលា អ្នកឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា ខ្លួនបានចងក្រងឯកសារការវាយប្រហារចំនួន ៤៦ លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសស៊ីរី ដែលក្នុងនោះមាន ៩ គោលដៅលើមូលដ្ឋាន al-Shaddadi ។

កងកម្លាំង​អាមេរិក​ បាន​បង្កើត​មូលដ្ឋាន​នៅ​តំបន់​មួយ​ចំនួន ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី ជាពិសេស​ក្នុង​តំបន់​ ប្រេងនិង​ឧស្ម័ន។ រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក មានបំណងលួច និងរត់ពន្ធផលិតកម្មប្រេង និងឧស្ម័ននៅបរទេស ដោយប្រើក្បួនរថយន្ត រថក្រោះ និងរថយន្តដឹកទំនិញ ដោយមានការសម្របសម្រួល ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយជនជាតិឃឺដ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top