បរទេស ៖ រដ្ឋបាល ដឹកនាំដោយជនស៊ីវិលថ្មី របស់ប្រទេសថៃ កំពុងប្រឈមមុខ នឹងការរិះគន់ជុំវិញផែនការ របស់ខ្លួន ក្នុងការឆ្ពោះទៅមុខជាមួយ នឹងការទិញនាវាចម្បាំង កងទ័ពជើងទឹកតម្លៃខ្ពស់ ពីប្រទេសចិន នៅក្នុងកិច្ចព្រមព្រៀង ដែលបានចរចាជាលើកដំបូង ដោយរដ្ឋាភិបាលយោធាមុន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា គម្រោងទិញនាវានេះ ត្រូវបានចរចាបន្ទាប់ពីប្រទេសចិន បានបដិសេធផែនការ ឆ្នាំ ២០១៧ ក្នុងការលក់ឱ្យប្រទេសថៃ នូវនាវាមុជទឹកប្រភេទ S26T Yuan-class ព្រោះវាមិនអាចទទួលបាន ម៉ាស៊ីនម៉ាស៊ូតពីប្រទេសអាល្លឺម៉ង់ ដែលហាមមិនអោយប្រើប្រាស់ក្នុងផ្នែករឹងយោធារបស់ចិន, នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ទោះជាយ៉ាងណាក៏ដោយ នាវាចម្បាំងដែលនឹងបន្ថែមលើកងនាវាដែលមានស្រាប់នៃនាវាចម្បាំង ៧ គ្រឿងដែលភាគច្រើនផលិតដោយចិន គឺនឹងធ្វើឱ្យប្រទេសថៃ ចំណាយ ៤៨០ លានដុល្លារ លើស ២៨ លានដុល្លារច្រើនជាងនាវាមុជទឹកដែលនឹងត្រូវចំណាយ។
គម្រោងទិញរបស់ថៃនេះ គឺត្រូវបានគេរិះគន់ដោយគណបក្សប្រឆាំង គឺគណបក្ស Move Forward Party ដែលលើកហេតុផលថា កិច្ចព្រមព្រៀងនាវាមុជទឹក គឺផុតកំណត់ទៅហើយ៕
ប្រែសម្រួលៈ ណៃ តុលា