ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,៩រ៉ិចទ័រ វាយប្រហារភាគខាងត្បូង នៃប្រទេសហ្វីលីពីន និងមានការព្រមានអំពី រលកយក្សស៊ូណាមិ កើតឡើង

រូបភាព៖ xinhua

ម៉ានីល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា បើយោងតាមវិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឈូងសមុទ្រនៃក្រុងម៉ានីល កាលពីយប់ថ្ងៃសៅរ៍ ដោយបានវាយប្រហារមកលើខេត្ត Surigao del Sur ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។

វិទ្យាស្ថានខាងលើបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣៧នាទីយប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៣៧នាទីម៉ោងសកល ដោយបានវាយប្រហារនៅជម្រៅ៨គីឡូម៉ែត្រ គឺប្រហែល៤២គីឡូម៉ែត្រភាគឦសាននៃទីក្រុង Hinatuan ហើយការរញ្ជួយដីនេះក៏បានកក្រើកដល់ខេត្តក្បែរនោះផងដែរ ។

វិទ្យាស្ថានដដែលនេះបានព្រមានអំពីរលកយក្សស៊ូណាមិ ដែលមានកម្ពស់រលកគំរាមកំហែងដល់អាយុជីវិតជាង១ម៉ែត្រពីជំនោរធម្មតា ។

វិទ្យាស្ថានបានឲ្យដឹងទៀតថា អ្នកស្រុកដែលរស់នៅក្នុងតំបន់ឆ្នេរនៃខេត្ត Surigao del Sur និង Davao Oriental ត្រូវបាន “ណែនាំយ៉ាងមុតមាំឱ្យជម្លៀសខ្លួនចេញភ្លាមៗទៅកាន់ទីទួលខ្ពស់ ឬផ្លាស់ទីទៅឆ្ងាយពីដែនដីដែលងាយរងគ្រោះ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top